កូនស្រីមានចៃផ្ញុកពេញក្បាល តែម៉ែមិនព្រមចាប់ញេច ព្រោះខ្លួនជាអ្នកបួស មិនអាចស.ម្លា-ប់សត្វ
ជាធម្មតា ពេលដែលឃើញកូនខ្លួនឯងមានចៃពេញក្បាល អ្នកម្ដាយគ្រប់រូបគឺតែងតែព្យាយាមរកវិធីគ្រប់បែបយ៉ាង ដើម្បីកម្ចាត់ពួកវាឱ្យអស់តាមដែលអាចធ្វើបាន។ យ៉ាងណាមិញ ខុសគេតែស្ត្រីម្នាក់ មកពីប្រទេសអូស្ត្រាលី ដែលមិនព្រមលើកដៃសម្លាប់ពពួកសត្វចង្រៃលើក្បាលកូនរបស់ខ្លួននោះឡើយ សូម្បីតែមួយក្បាល ក៏ព្រោះតែនាងជាអ្នកញ៉ាំអាហារបួស ហើយអ្នកបួស គឺមិនសម្លាប់សត្វឡើយ។
បើតាមស្ត្រីម្នាក់ជាអ្នកជិតខាង បានរៀបរាប់ថា ៖ «កូនស្រីវ័យ ៧ ឆ្នាំរបស់ខ្ញុំ គឺជាមិត្តជិតស្និទ្ធនឹងក្មេងស្រីអ្នកជាប់ផ្ទះ ដែលមានឪពុកម្ដាយជាអ្នកបួស។ ពួកយើងមិនមានបញ្ហាអ្វីនោះឡើយ ព្រោះនេះជាជម្រើសរបស់ពួកគេ តែយ៉ាងណា ក៏មានបញ្ហាមួយ ដែលថ្មីៗនេះ ក្មេងស្រីដ៏រួសរាយរូបនោះ បានមកលេងផ្ទះខ្ញុំ ហើយចេះតែយកដៃអេះក្បាលជាប់ឥតឈប់ ហើយពេលខ្ញុំទៅមើល ក៏ឃើញមានចៃយ៉ាងច្រើនវារពេញក្បាលនាង»។
ស្ត្រីជាអ្នកជិតខាងរូប ក៏បានលើកយកបញ្ហានេះ ទៅប្រាប់ម្ដាយរបស់ក្មេងស្រីនោះ តែចម្លើយដែលនាងទទួលបានវិញ ធ្វើឱ្យនាងសឹងតែដាច់ផ្ងារ។ «គាត់បានប្រាប់មកខ្ញុំវិញថា គាត់កំពុងព្យាយាមសិតសក់កូន យកចៃទាំងនោះចេញ ដោយទម្លាក់ពួកវាទៅលើស្មៅក្នុងសួន ដើម្បីអាចឱ្យពួកវានៅរស់បាន»។
ស្ត្រីជាអ្នកបួសរូបនោះ បានប្រាប់នាងទៀតថា នាងក៏ចង់ឱ្យកូននាងអស់ចៃដែរ ប៉ុន្តែនាងបែរជាគិតថា ខ្លួនឯងជាបិសាច ពេលដែលសិតចៃទៅ ធ្វើឱ្យពួកវាងាប់យ៉ាងវេទនានោះ ដែលសម្ដីនេះ ពិតជាធ្វើឱ្យគ្រប់គ្នាគាំងរកអ្វីនិយាយលែងចេញ៕
ប្រភព៖ NyPost