ភ្ញាក់ផ្អើល! នៅកំពង់ចាម មានករណីពលរដ្ឋ ១០ នាក់ ពុលបាយភ្លៅមាន់ ក.ប.ប កំពុងពិសោធរកលទ្ធផល
នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ នេះ ក្រោយទទួលបានដំណឹងថាមានប្រជាពលរដ្ឋពុលអាហារ ស្ថិតនៅភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាផ្ទាល់ភ្លាមៗទៅកាន់មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម ឱ្យចុះត្រួតពិនិត្យកន្លែងកើតហេតុផ្ទាល់ភ្លាមៗតែម្ដង។
បន្ទាប់ពីទទួលបានបញ្ជាពីឯកឧត្តមប្រតិភូ មន្រ្តីជំនាញសាខាខេត្តកំពង់ចាម បានចុះទៅកន្លែងកើតហេតុក៏ដូចជាមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋដែលពុលអាហារនោះផង និង សាកសួរនាំព័ត៌មានមួយចំនួនអំពីការពុលដែលមានចំនួន ១០ នាក់។
តាមការសាកសួរពីប្រជាពលរដ្ឋបានឱ្យដឹងថា ការពុលអាហារគឺបន្ទាប់ពីបានពិសារបាយភ្លៅមាន់ដែលនៅទីតាំងកន្លែងកើតហេតុតែម្ដង និង តាមការបំភ្លឺរបស់ម្ចាស់ហាងបាយភ្លៅមាន់គាត់ទើបតែបើកលក់បាន ១៥ ថ្ងៃតែប៉ុណ្ណោះ ដែលមានគ្រឿងផ្សំមួយចំនួនដែលមានការសង្ស័យ ទើបមន្រ្តីជំនាញបានស្រង់យកសំណាកគំរូដូចជាទឹកម្ទេស ទឹកស៊ីអ៊ីវ ទឹកសៀង និង ទឹកស្រូបបាយ ដើម្បីបញ្ជូនមកអគ្គនាយកដ្ឋានដើម្បីធ្វើការពិសោធន៍រកលទ្ធផលជាក់ស្ដែងនៃការពុល៕
ប្រភព ៖ អគ្គនាយកដ្ឋាន ក.ប.ប.