ចាប់ថ្ងៃនេះដល់ទី ១៣ អ្នកបន្ទាយមានជ័យ អាចទៅពិនិត្យព្យាបាលជំងឺ ៧ មុខនេះឥតគិតថ្លៃ តាមទីតាំងនេះពីក្រុមគ្រូពេទ្យកូរ៉េ
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការពិនិត្យ និង ព្យាបាលដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ JEOLLABUK-DO។
ការិយាល័យសុខាភិបាលស្រុក បានបញ្ជាក់ឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Medical Service Corps, Jeollabuk-do នៃអង្គការ ហា ឆាន់ ខាំ ចំនួន ៣០ នាក់ ដែលមកពីសាធារណៈរដ្ឋកូរ៉េខាងត្បូង នឹងមកធ្វើការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទាំងចាស់ និង កូនក្មេង ដោយមានឯកទេសខាងព្យាបាលដូចជា ជំងឺបេះដូង ជំងឺក្រពះ ជំងឺភ្នែក ជំងឺមាត់-ធ្មេញ ជំងឺសន្លាក់ ជំងឺរោគស្ត្រី និង ចាក់ម្ជុលវិទ្យាសាស្ត្រ។
ទីតាំងដែលព្យាបាលមានដូចជា ៖
១. ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៣ នៅបរិវេណអង្គការ ហា ឆាន់ ខាំ ដែលស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
២. ថ្ងៃទី ១២ ដល់ ១៣ ខែ សីហា ឆ្នាំ ២០២៣ នៅបរិវេណមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ដែលស្ថិតនៅភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕