សូមជ្រាប! អ្នកចង់ទៅបន់ស្រន់ព្រះអង្គចេក ព្រះអង្គចម នៅសៀមរាប គឺបន់នៅទីតាំងនេះសិន ព្រោះកន្លែងចាស់កំពុងជួលជុល
កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងស្ដីពីការជួសជុលកែលម្អឡើងវិញនូវតួហោតម្កល់ព្រះអង្គចេក និង ព្រះអង្គចម និង ការរៀបចំទីតាំងបណ្ដោះអាសន្នសម្រាប់គោរពបូជា។
យោងតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា ទីសក្ការៈគោរពបូជាចំពោះព្រះអង្គចេក និង ព្រះអង្គចម ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីឱ្យក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ រៀបចំជួសជុល កែលម្អឡើងវិញនូវតួហោតម្កល់ព្រះអង្គចេក និង ព្រះអង្គចម ដោយការជួសជុលនេះបានចាប់ផ្ដើមអនុវត្តកាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ រហូតដល់ការជួសជុលបានបញ្ចប់ជាស្ថាពរ រដ្ឋបាលខេត្តនឹងធ្វើការជូនដំណឹងជាថ្មី។
គួរដឹងដែរថា ផ្អែកតាមការបញ្ជាក់ពីគណៈកម្មាធិការសាងសង់ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនបន្ថែមថា បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ អាចចូលក្នុងបរិវេណខាងមុខព្រះរាជដំណាក់បានជាធម្មតា និង អាចគោរពបូជា ចំពោះព្រះអង្គចេក ព្រះអង្គចម នៅទីសក្ការៈបូជាជាបណ្ដោះអាសន្ន នៅខាងមុខច្រកចូលទីសក្ការៈបូជា ចំពោះព្រះអង្គចេក ព្រះអង្គចម ដូចមានគំនូរប្លង់ជូនភ្ជាប់ជូនខាងក្រោម៕