អស់ពីមួយចូលមួយ! នៅចិនជួបគ្រោះរញ្ជួយដី ៥.៤ រ៉ិចទ័រ រលំផ្ទះសម្បែងជាច្រើន និង របួសមនុស្សជាង ២០ នាក់
គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ បានវាយប្រហារលើខេត្ត Shandong ភាគខាងកើតប្រទេសចិន បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២១ នាក់រងរបួស និង ផ្ទះសម្បែងជាច្រើន បានដួលរលំ។
តាម US Geological Survey (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីនោះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ២ និង ៣៣ នាទីយប់ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៣ (ពេលវេលាក្នុងតំបន់) នាតំបន់មួយចម្ងាយប្រមាណ ២៦ គីឡូម៉ែត្រពីក្រុង Dezhou ខេត្ត Shandong ដោយរញ្ជួយក្នុងជម្រៅ ១០ គីឡូម៉ែត្រ។
បើតាមការចេញផ្សាយរបស់សារព័ត៌មាន CCTV បានរាយការណ៍ថា មនុស្សចំនួន ២១ នាក់បានរងរបួស ខណៈអគារខ្ពស់ៗ រួមទាំងផ្ទះសម្បែងប្រមាណ ១២៦ ខ្នង បានដួលរលំ ក្រោយគ្រោះរញ្ជួយដីវាយប្រហារ។ ជាងនេះទៅទៀត គ្រោះរញ្ជួយដីនេះ ក៏បានរញ្ជួយដល់ក្រុងមួយចំនួនក្នុងប្រទេសចិន ដូចជាក្រុងប៉េកាំង ក្រុង Tianjin ឬ ក្រុងសៀងហៃជាដើម ដែលធ្វើឱ្យពលរដ្ឋនាក្រុងទាំងនោះ មានការភ័យខ្លាចជាខ្លាំង។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដី គឺមិនមែនជារឿងដែលមិនធ្លាប់កើតក្នុងប្រទេសចិននោះទេ ប៉ុន្តែវាកម្រនឹងកើតមានណាស់នៅភាគខាងកើតប្រទេស ដែលមានក្រុងធំៗ និង ប្រជាជនច្រើន៕