លក់ដូរប្រជែងគ្នា ស្រាប់តែភាគីម្ខាងកើតគំនិតខូច ទៅដាក់ថ្នាំពុលក្នុងម្ហូប រហូតពុលមនុស្ស ១០ នាក់
ម្ចាស់ហាងអាហារសម្រន់មួយកន្លែងនៅភាគខាងកើតប្រទេសចិន ត្រូវបានប៉ូលិសឃាត់ខ្លួន ជុំវិញករណីបំពុលផលិតផលនំចំណីដែលដាក់លក់ក្នុងហាងមួយផ្សេងទៀត ដែលជាដៃគូប្រជែង បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់ពុលឈឺចូលមន្ទីរពេទ្យ។
តាមការចេញផ្សាយរបស់សារព័ត៌មាន Jimu News បានឱ្យដឹងថា បុរសដែលមិនទម្លាយអត្តសញ្ញាណម្នាក់ ដែលបើកតូបលក់អាហារសម្រន់មួយកន្លែងនៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយមានហេតុការណ៍ផ្ទុះករណីពុលចំណីអាហារនៅតូបក្បែរគ្នា ដែលមានស្ត្រីម្នាក់ជាម្ចាស់ហាង កាលពីខែមិថុនា កន្លងទៅ។
បើតាមការបញ្ជាក់ពីជនរងគ្រោះម្នាក់ត្រកូល Li បានរៀបរាប់ថា រូបគេបានទិញនំពងទាមួយពីហាងស្ត្រីខាងលើ កាលពីថ្ងៃទី ១៣ ខែមិថុនា កន្លងទៅ ហើយក្រោយពីញ៉ាំរួច លោក Li រួមទាំងមនុស្ស ៩ នាក់ផ្សេងទៀត ក៏ចាប់មានអាការវិលមុខ រួចក្អួតយកៗតែម្ដង។ ក្រោយសង្ស័យថា ចំណីនោះមានជាតិពុល លោក Li ក៏បានទាក់ទងទៅប៉ូលិស ហើយក៏រកឃើញថា ពួកគេ ពិតជាបានពុលពិតមែន។’
បន្ទាប់មកទៀត ប៉ូលិសក៏កំណត់បានជនសង្ស័យ ក្រោយឆែកមើលកាមេរ៉ាសុវត្ថិភាពក្នុងហាង ក៏ឃើញបុរសជាដៃគូប្រជែង កំពុងធ្វើសកម្មភាពដាក់សារធាតុពុល (សូដ្យូមនីត្រាត) ក្នុងអាហារនៅហាងរបស់ខ្លួន។ ចុងក្រោយ ស្ត្រីជាម្ចាស់ហាង ត្រូវបង្ខំចិត្តបោះចោលអាហារដែលសង្ស័យថាប៉ះពាល់ចោលទាំងអស់ និង ជំនួសដោយអាហារថ្មីៗវិញ៕