ជីវិតកម្សត់ពេកហើយ! គ្មានប្ដីគ្មានកូនចៅដូចគេ អ៊ំស្រីអាយុក្បែរ ៧០ ឆ្នាំ ទូលល្អីដើរលក់ធូបចិញ្ចឹមជីវិត
ជារឿងដ៏គួរឱ្យអាណិតអាសូរ អ៊ំស្រីម្នាក់មានអាយុក្បែរ ៧០ ឆ្នាំ ទូលល្អីដើរលក់ធូបជាច្រើនឆ្នាំ ដោយក្នុងមួយថ្ងៃគាត់ដើរលក់មិនក្រោម ១០ គីឡូដីទេ ក្រោមកម្ដៅថ្ងៃក្តៅហែង ពីម្តុំផ្សារឌុយមិច ដល់ផ្សារថ្មី ហួសទៅខាងផ្លូវទំនប់ទួលគោកជាប្រចាំ។
បើតាមការឱ្យដឹងពី គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Tao Perseid» បានបង្ហោះបញ្ជាក់ពីខ្សែជីវិតអ៊ំស្រីឱ្យដឹងថា ថ្ងៃខ្លះគាត់ដើរលក់បានត្រឹម ៥០០០ រៀល ទៅ ១០ ០០០ រៀលប៉ុណ្ណោះ ហើយគាត់មានតែខ្លួនមួយជាទីពឹងខ្លួនឯង គ្មានកូនចៅនោះទេ ហើយស្វាមីបានស្លាប់តាំងពីជំនាន់ប៉ុលពតមកម្ល៉េះ ឆ្លុះបញ្ចាំងឱ្យឃើញថា បើថ្ងៃណាមួយគាត់ឈឺ តើគាត់មានប្រាក់ឯណាទិញថ្នាំពេទ្យ និងមានអ្នកណានៅថែទាំទៅ។
ក្រោយឃើញបែបនេះ ម្ចាស់គណនីបានសំណូមពរឱ្យបងប្អូនដែលធ្វើដំណើរតាមផ្លូវជួបគាត់ចៃដន្យ អាចចែករំលែកម្ហូបអាហារ ភេសជ្ជ ផ្លែឈើ ជូនគាត់ពិសាតាមសទ្ធាជ្រះថ្លារបស់បងប្អូន។ ដោយឡែក ចំពោះសប្បុរសជនដែលមានគោលបំណងចង់ជួយសម្រាលទុក្ខលំបាកការរស់នៅប្រចាំថ្ងៃដល់អ៊ំស្រីទូលល្អីដើរលក់ធូបវ័យក្បែរ ៧០ ឆ្នាំ គឺអាចចែករំលែកធនធានរបស់ខ្លួនតាមរយៈគណនី ABA (060799989 – SAM SUYHOUR) ឬក៏អាចបរិច្ចាគរបស់របរប្រើប្រាស់ចំណីចំណុកផ្សេងទៀតដល់គាត់នៅទីតាំងឃ្លាំងលក់រថយន្ត 189 វិថីឧកញ៉ាហ៊ីងប៉ែន ផ្លូវ៦១ ទល់មុខអាគារពាណិជ្ជកម្ម Exchange Square ក្រោយស្ថានទូតអាមេរិក៕