ខ្ចីម៉ូតូសង្សារជិះ ហើយឱ្យមិត្តខ្ចីបន្ត មានអីគេជិះយកទៅបាត់ ឥលូវវណ្ឌ-កខ្លួនឯង ប៉ូលិសហៅវាស់កម្ពស់
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ឱ្យបានដឹងថា កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ វុទ្ធ ធី ភេទប្រុស អាយុ ៣៩ ឆ្នាំ នៅចំណុចផ្ទះសំណាក់សៀវ មីញ ស្ថិតនៅភូមិត្រពាំងមៀន ឃុំស្នុំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ។
បើតាមការឱ្យដឹង ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជនរងគ្រោះ មានឈ្មោះសុខ ហៀង ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរកម្មការិនី ទីលំនៅភូមិត្រពាំខ្នារ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ ចំពោះអង្គហេតុ គឺជនសង្ស័យ និងជនរងគ្រោះ បានស្គាល់គ្នាតាំងពីខែមេសា ឆ្នាំ ២០២៣ ហើយមានទំនាក់ទំនងស្រឡាញ់គ្នា រហូតដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០ នាទី ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះជិះ ជាម៉ូតូម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ 2020 ផ្លាកលេខ ភ្នំពេញ AH.2964 ហើយបានឱ្យមិត្តភក្តិខ្ចីជិះបន្តយកទៅបាត់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ វុទ្ធ ធី ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅពន្ធនាគារ ខេត្តកំពង់ស្ពឺ ឃុំខ្លួនបណ្តោះអាសន្ន៕