Rick Kh ថានឹងបំភ្លឺរឿងរ៉ាវព្រឺរន្ធ-ត់បន្ទប់មានគ្រែ ៣ នៅវៀតណាមឆាប់ៗ ក្រោយផ្ទុះរឿងផុសស្រមោលសស្ទង់ៗក្នុងកញ្ចក់
នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ អ្នកផលិតមាតិកា Rick Kh បានបង្ហោះសារគួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកបានរៀបរាប់ថា ៖ «ខ្ញុំអត់ខ្លាចខ្មេវ (ខ្មោច) ទេ តែខ្ញុំវាភ្ញាក់គេងអត់កើត ខ្ញុំសង្ស័យតែកាំមេរ៉ាចាំងភ្លើង។ ហ្វេននាំអាតណាស់អារឿងបន្លាច លើលោកនេះគ្មានខ្មេវទេ តែលូវរើរចេញហើយគ្មានបានថតអីទេ Trip នេះមកខ្មែរវិញ ត្រូវគេហៅទៅបំភ្លឺ Background ងងឹតទៀត។ ស្នាដៃហ្វេន Tag ហៅខ្មេវ កុំដេក»។
ការដែលអ្នកផលិតមាតិការូបនេះ បង្ហោះបែបនេះដោយសារនាពេលថ្មីៗនេះ លោកបានធ្វើវីដេអូមួយបង្ហាញពីទិដ្ឋភាពក្នុងបន្ទប់ស្នាក់របស់លោកដែលមានគ្រែបី នៅក្នុងប្រទេសវៀតណាម ជាមួយនឹងការរៀបរាប់ពីរឿងព្រឺសម្បុរខ្លះ ដែលខណៈនិយាយរៀបរាប់នោះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានឃើញហេតុការណ៍ព្រឺសម្បុរមួយកើតឡើង ទាំងដែលរូបគេមិនដឹងខ្លួន។
ពិតណាស់ តាមរយៈវីដេអូប្រមាណ ១២ នាទី ដែលបង្ហោះនោះ លោក Rick Kh ឬ គោប្រាក់ អ្នកផលិតមាតិការូបនេះ បាននិយាយរៀបរាប់ពីរឿងរ៉ាវពាក់ព័ន្ធនឹងអមនុស្ស និង ទិដ្ឋភាពក្នុងបន្ទប់ស្នាក់ជូនអ្នកគាំទ្រស្ដាប់ ស្រាប់តែកំពុងនិយាយសុខៗ អ្នកគាំទ្ររូបគេបានចាប់អារម្មណ៍ឃើញមានស្រមោលស្ទង់ៗសៗលោតមួយភ្លឹបនៅក្នុងកញ្ចក់ដែលនៅពីក្រោយខ្នងរបស់គេ ធ្វើឱ្យអ្នកគាំទ្រ Screenshot បង្ហោះពេញបណ្ដាញសង្គម ព្រមទាំងសង្ស័យថាជាករណីអមនុស្សមកលេង រហូតដល់ផ្ទុះការចែករំលែកព្រោងព្រាត។
ជុំវិញរឿងនេះដែរ លោក Rick Kh ឬ គោប្រាក់ ក៏បានបញ្ជាក់ដែរថា ឆាប់ៗខាងមុននេះលោកនឹងចូលកម្មវិធីមួយ ដើម្បីបកស្រាយរឿងដែលមហាជនកំពុងផ្ទុះល្បីនោះ ហើយក៏បកស្រាយលម្អិតពីហេតុការណ៍ផ្ទាល់ ខណៈពេលដែលលោកកំពុងស្នាក់នៅក្នុងបន្ទប់នោះតែម្នាកឯងផងដែរ៕