រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅហុងកុង ជំរុញឱ្យពលរដ្ឋ សម្លក់សម្លឹងអ្នកផ្គើនជក់បារីនៅកន្លែងហាមឃាត់
រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រចាំក្រុងហុងកុង បានជំរុញឱ្យសាធារណជនទាំងអស់ ឱ្យឈរសម្លក់សម្លឹងលើបុគ្គលណា ដែលបំពាននៅតែឈរជក់បារី ទាំងដែលកន្លែងនោះជាកន្លែងហាមមិនឱ្យជក់។
តាមការចេញផ្សាយពីសារព័ត៌មាន HKFP បានឱ្យដឹងថា លោក Lo Chung-mau រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកើតមានគម្រោងមួយ ដើម្បីបញ្ឈប់អ្នកដែលជក់បារី កុំឱ្យនៅតែបន្តជក់តាមទីកន្លែងដែលគេហាមឃាត់។ ថ្លែងនៅក្រុមប្រឹក្សានីតិបញ្ញត្តិ លោក Lo បានលើកឡើងថា៖
«បារី អាចប៉ះពាល់ដល់សុខភាពយើងរាល់គ្នា។ នៅពេលសាធារណជនណា ដែលឃើញអ្នកជក់បារីនៅតាមកន្លែងគេហាមមិនឱ្យជក់ ប្រសិនបើខាងមន្ត្រីអនុវត្តច្បាប់បង្ហាញខ្លួនមិនទាន់ក៏ដោយ តែអ្នកទាំងអស់គ្នា អាចសម្លក់សម្លឹងពួកគេបាន។ នៅពេលមានអ្នកដកបារីជក់នៅក្នុងភោជនីយដ្ឋាន គ្រប់គ្នានៅទីនោះ អាចសម្លក់ម្នាក់នោះបាន ព្រោះខ្ញុំជឿថា អ្នកទាំងនោះ មិនដែលហ៊ានមកវាយតបយើង ទាំងដែលយើងគ្រាន់តែសម្លក់សម្លឹងគេនោះទេ»។
លោក Lo បានលើកឡើងបន្ថែមទៀតថា ទម្លាប់របស់យើង គឺអាចជួយបង្កើត «វប្បធម៌មិនជក់បារី» ក្នុងក្រុងនេះបាន។ លោកបានរៀបរាប់ថា៖ «លើករឿងតម្រង់ជួរចាំឡានក្រុង ជាឧទាហរណ៍។ ការដែលឈរតម្រង់ជួរនេះ គឺគ្មានច្បាប់ណាមកដាក់កំហិតអ្វីនោះឡើយ តែសង្គមរបស់យើងទៅវិញទេ ដែលបង្កើតវប្បធម៌នេះដោយខ្លួនឯង ដែលពលរដ្ឋទាំងអស់ នាំគ្នាធ្វើវាដោយខ្លួនឯង។ ខ្ញុំសង្ឃឹមថា សង្គមយើងទាំងមូល នឹងអាចបង្កើតវប្បធម៌មិនជក់បារីនេះ»៕