កាន់តែងាយស្រួល! ចង់ដាក់ពាក្យស្នើសុំ ឬត្រូវការសេវារដ្ឋបាលនៅបាត់ដំបង អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញបាន
កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅរដ្ឋបាលខេត្តបាត់ដំបង បានបង្ហោះសេចក្ដីជូនដំណឹងមួយស្ដីពីការទទួលពាក្យស្នើសុំ និង ផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្តបាត់ដំបង។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង បាន និង កំពុងអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និង ផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញលើវិស័យចំនួន ៤ ដូចជា វិស័យទេសចរណ៍ វិស័យវប្បធម៌ និង វិចិត្រសិល្បៈ វិស័យកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ព្រមទាំងវិស័យឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ នៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ចាប់ពីថ្ងៃជូនដំណឹងតទៅ។
មិនតែប៉ុណ្ណោះ ខាងរដ្ឋបាលបានបញ្ជាក់ទៀតថា ការធ្វើបែបនេះគឺ ដើម្បីធ្វើឱ្យកាន់តែងាយស្រួលដល់អ្នកស្នើសុំសេវា និង ចូលរួមធ្វើទំនើបកម្មនៃការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលខេត្ត។
គួរបញ្ជាក់ដែរថា ការដាក់ពាក្យស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ត្រូវធ្វើឡើងតាមរយៈគេហទំព័រ http://online.owso.gov.kh ឬស្កែនតាម QR Code ដែលមានភ្ជាប់ជូនក្នុងសេចក្ដីជូនដំណឹងខាងក្រោម។ ក្រោយពីទទួលបានពាក្យ និង ការពិនិត្យសម្រេចលើសំណើសុំសេវានីមួយៗ បុគ្គលិករបស់អង្គភាពច្រកចេញចូលតែមួយ និង ទំនាក់ទំនងដល់ម្ចាស់សំណើឱ្យទៅទទួល ប៉ុន្តែពេលទៅទទួលម្ចាស់សំណើ ត្រូវភ្ជាប់ទៅជាមួយនូវពាក្យស្នើសុំ ដែលមានចុះហត្ថលេខាអ្នកស្នើសុំ និង សំណុំឯកសារពាក់ព័ន្ធ (ច្បាប់ដើម) ដើម្បីពិនិត្យផ្ទៀងផ្ទាត់៕