សកម្មភាពសិស្សទាំង ២ សាលានេះ កំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ ស្ងើចសរសើរមិនដាច់ពីមាត់ថាជាទំពាំងស្នងឫស្សីពិតៗ
សកម្មភាពចំនួន ២ ដែលបានកើតឡើងនៅក្នុងគ្រឹះស្ថានសិក្សា ថតបានជាវីដេអូបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានមហាជនខ្មែរនាំគ្នាស្ងើចសរសើរព្រោងព្រាតថាជាគំរូដ៏ល្អប្រពៃសម្រាប់យុវជនខ្មែរ ដែលជាទំពាំងស្នងឫស្សីល្អ។
ជាក់ស្ដែងសកម្មភាពទាំងនោះ មានដូចជា ៖
១. ការសម្ដែងរឿង «ម៉ាក់ថឺង» របស់សិស្សថ្នាក់ទី ៨ នៅអនុវិទ្យាល័យម្រាក ខេត្តកំពង់ធំ
ថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីបានឃើញវីដេអូឃ្លីបរបស់ប្អូនៗជាសិស្សថ្នាក់ទី ៨ ដែលសិក្សានៅអនុវិទ្យាល័យម្រាក ខេត្តកំពង់ធំ បានហាត់សម្ដែងក្នុងបទចម្រៀង «ត្រូវឆ្លើយយ៉ាងណា» ដែលដកស្រង់ចេញពីរឿង «ម៉ាក់ថឺង»។ បើតាមការឱ្យដឹងបន្ថែម តាមរយៈគណនីហ្វេសប៊ុកមួយបានរៀបរាប់លម្អិតថា៖ «អនុវិទ្យាល័យម្រាក បំណិនជីវិត ៖ គោលបំណងគឺដើម្បីអភិរក្សអ្វីជាវប្បធម៌ខ្មែរបុរាណ ដោយយើងសង្កេតឃើញថាបរិបទនៃសង្គមយើងបច្ចុប្បន្ន យុវវ័យសម័យឥឡូវមួយចំនួនច្រើនមានទំនោរទៅរកភាពមិនប្រក្រតីដែលប្រាសចាកពីវប្បធម៌របស់ខ្មែរ #ថ្នាក់ទី 8A (អនុវិទ្យាល័យម្រាក/ប្រាសាទបល្ល័ង្ក/កំពង់ធំ) #ដកស្រង់ចេញពីរឿង ម៉ាក់ថឺង និពន្ធទំនុកច្រៀងដោយព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវិល ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាអ្នកវប្បធម៌ និង កវីដ៏ចំណានរបស់កម្ពុជា ដោយលោកបានបន្សល់នូវស្នាដៃជាច្រើន ដូចជា រឿងល្ខោនយីកេ «ទុំ-ទាវ» «ម៉ាក់ថឺង» កំណាព្យ «ចម្រៀងចង្រិតដែក» «របាំខ្មែរ» និងឯកសារវប្បធម៌ដ៏ច្រើនមហិមា។ លោកមានស្រុកកំណើតនៅភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដោយកើតចេញពីគ្រួសារកសិករ»។
២. សកម្មភាពសិល្បៈ របស់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប
កន្លងមកជាហូរហែ សាលាបឋមសិក្សាវត្តបូព៌ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប តែងតែបង្ហោះវីដេអូបង្ហាញឱ្យឃើញនូវទេព្យកោសល្យរបស់កុមារា-កុមារី ក្នុងការលេងឧបករណ៍ភ្លេងជាច្រើនប្រភេទយ៉ាងស្រុះគ្នា ប្រកបទៅដោយទេព្យកោសល្យ ព្រមទាំងការច្រៀងជាចម្រៀងជាតិ បទនគររាជ គួរឱ្យស្ងើចសរសើរបំផុត។ មិនតែប៉ុណ្ណោះ សាលាបឋមសិក្សានេះ ក៏ជាសាលាដែលមានសិស្សានុសិស្សគោពវិន័យយ៉ាងមធ្យ័ត ជាពិសេសគឺការតម្រង់ជួរគោរពទង់ជាតិ ប្រកបទៅដោយរបៀបរៀបរយ ត្រង់ភ្លឹងៗ ស្អាតបាតតែម្ដង៕