ជីវិតអើយ! គ្មានឪពុកម្ដាយតាំងពីតូច ឥលូវលោកយាយជួបគ្រោះអស់បុណ្យទៅចោលចៅៗឱ្យកំព្រាគ្មានទំពឹងទៀត
ស្នាមញញឹមដ៏កក់ក្ដៅក្នុងគ្រួសារតូចមួយ ហាក់ប្រែក្រៀមក្រំសោកសង្រេងត្រឹមមួយប៉ប្រិចភ្នែក បន្ទាប់ពីដូនចាស់មួយរូបបានជួបគ្រោះថ្នាក់នឹកស្មានមិនដល់ នៅភូមិធម្មកេរ្ដ័ ស្រុកកញ្ច្រៀច ឃុំកញ្ច្រៀច ខេត្ដព្រៃវែង ដោយជិះកង់ធ្លាក់ចូលប្រឡាយទឹក បណ្ដាលឱ្យបាត់បង់ជីវិតចាកចោលចៅស្រីជាទីស្រឡាញ់ ដែលកំព្រាឪពុកម្ដាយ ដោយសារតែឪពុកម្ដាយរបស់គេ បានស្លាប់ចោលអស់បាត់ទៅហើយ។
ទាក់ទិនទៅនឹងរឿងរ៉ាវជីវិតដ៏កម្សត់ជូរចត់នេះ បើតាមគណនីមួយដែលមានឈ្មោះ Bong Sros Press បានបង្ហោះរៀបរាប់ឱ្យដឹងថា ៖ «អាណិតក្មេងណាស់ ម្តាយឪពុក បានស្លាប់ចោលពួកគាត់អស់ហើយ ដោយនៅជាមួយលោកយាយ ពេលនេះលោកយាយបានស្លាប់ចោលពួកគាត់ទៀត គាត់គ្មានអ្នកណាមើលថែចិញ្ចឹមបីបាច់ទៀតទេ ហើយបងប្អូនគឺនៅរៀនបឋម គ្មានលទ្ធភាពចិញ្ចឹមប្អូនៗទាំងពីរនាក់»។
ទន្ទឹមគ្នានេះ តាមរយៈម្ចាស់គណនីក៏បានសំណូមពរដល់សប្បុរសជនទាំងអស់ មេត្តាជួយជាថវិកាតិចក្ដីច្រើនក្ដី តាមកម្លាំងសទ្ធាពុកម៉ែបងប្អូនដើម្បីជួយក្មេងកំព្រាឪពុកម្ដាយផងចុះ ដែលទីតាំងរស់នៅរបស់ពួកគាត់ គឺស្ថិតនៅភូមិធម្មកេរ្ដ័ ស្រុកកញ្ច្រៀច ឃុំកញ្ច្រៀច ខេត្ដព្រៃវែង៕