លាភធំមហាសាល! ជាងសំណង់ធ្វើការឱ្យគេ ជីកៗដីទៅប៉ះចំកំណប់ បើកមកសុទ្ធតែកាក់មាស
កម្មករសំណង់មួយក្រុម មានលាភធំ ក្រោយជីកដីប៉ះចំក្រឡចម្លែក បើកចេញមកសុទ្ធតែកាក់មាសភ្លឺចិញ្ចាច តម្លៃរាប់លានដុល្លារ។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះ បានកើតឡើងនៅទីក្រុង Como ប្រទេសអ៊ីតាលី ដោយមានក្រុមកម្មករសំណង់មួយក្រុម ត្រូវបានគេជួលទៅជួលជុលបន្ទប់ក្រោមដី របស់រោងមហោស្រពមួយឈ្មោះ Cressoni ។ ខណៈដែលកំពុងជីកនោះ ក៏បានប្រទះឃើញក្រឡចម្លែកម្យ៉ាង ដែលមានស្នាមប្រេះបែក ដល់ពេលសម្លឹងមើលទៅខាងក្នុងទៅ ពិតជាគួឱ្យភ្ញាក់ផ្អើលណាស់ ព្រោះឃើញមានកាក់មាសជាច្រើនមិននឹកស្មាន។
យ៉ាងណាមិញ ក្រោយពីជីកឃើញហើយ ខាងកម្មករក៏បានប្រញាប់យកក្រឡ និង មាសទាំងនោះ ទៅឱ្យអ្នកជំនាញដើម្បីពិនិត្យមើលប្រភពឱ្យបានច្បាស់ ក៏បានដឹងថា មាសទាំងនេះ មានអាយុកាលតាំងពីសម័យចក្រភពរ៉ូមអង្គចុងក្រោយមកម៉្លេះ ពោលគឺតាំងពីសតវត្សទី ៥។
ដោយឡែក កាក់មាសមួយក្រឡនេះ ក៏ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃប្រហែលដល់រាប់លានដុល្លារឯណោះ តែចុងក្រោយត្រូវបានក្រសួងមរតកវប្បធម៌អ៊ីតាលី យកទៅដាក់ក្នុងសារមន្ទីរ មិនអនុញ្ញាតឱ្យមានការជួញដូរណាមួយឡើយ។ គួរឱ្យដឹងដែរថា រោងមហោស្រពមួយនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៨៧០ មកម៉្លេះ តែក្រោយមកនៅឆ្នាំ ១៩៩៧ ក៏បានផ្លាស់ប្តូរទៅជាកន្លែងបញ្ចាំងកុនវិញ។ ហើយថ្មីៗ វារៀបនឹងត្រូវបានគេផ្លាស់ប្តូរទៅជាផ្ទះរស់នៅវិញ តែក្រោយពីជីកឃើញក្រឡមាសបែបនេះ ខាងអាជ្ញាធរក៏បានឱ្យផ្អាកការជួលជុលសិន៕