ឃ្យូតណាស់! អន្លង់កាំពី ខេត្តក្រចេះ រកឃើញកូនផ្សោតថ្មីមួយ អាយុខ្ទង់ ១០ ថ្ងៃ កំពុងហែលលេងយ៉ាងរីករាយ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពីយប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅបានផ្សព្វផ្សាយដំណឹងរីករាយមួយតាមរយៈហ្វេសប៊ុកផេកផ្លូវការថា នៅអន្លង់កាំពី ក្នុងខេត្តក្រចេះ បានកត់ត្រាឃើញកូនផ្សោតថ្មីមួយកំពុងហែលទឹកលេងយ៉ាងរីករាយ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និង ស្ទឹងត្រែង រដ្ឋបាលជលផល និង អង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ដោយទទួលបានព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និង ក្រុមឆ្មាំទន្លេប្រចាំអន្លង់កាំពី នៅព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅបានចុះទៅថតកូនផ្សោតនៅម៉ោង ១១:៣០ នាទីព្រឹកនៅចំណុចអន្ទង់វៀន នៃអន្លង់កាំពី។ ហើយតាមអង្កេតកូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណជា ១០ ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន ៩ ក្បាលទៀត។
គួរបញ្ជាក់ដែរថា ការកត់ត្រាកូនផ្សោតថ្មីនេះជាកូនផ្សោតទី ៥ ហើយ ដែលបានកត់ត្រាចាប់តាំងពីខែមករា មកដល់ខែកក្កដា ឆ្នាំ ២០២៣ នេះ ខណៈដែលឆ្នាំ ២០២១ និង ២០២២ កន្លងទៅក្រុមការងារបានកត់ត្រាកូនផ្សោតបាន ៦ ក្បាលដូចគ្នា៕
ប្រភព ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ