បុរស ឆ្លាក់ឈ្មោះគូស្នេហ៍លើប្រាសាទល្បីនៅអ៊ីតាលី Colosseum ដោះសាយ៉ាងហួសចិត្តប្រាប់អាជ្ញាធរ
បុរសជាអ្នកទេសចរ ដែលបានយកសោទៅគូសឆ្លាក់ឈ្មោះគូស្នេហ៍របស់លោក លើជញ្ជាំងប្រាសាទបុរាណដ៏ល្បី Colosseum នាទីក្រុង Rome ប្រទេសអ៊ីតាលីនោះ បានចេញមកសុំទោសហើយ ដោយនិយាយបកស្រាយថា រូបលោក មិនបានដឹងទាល់តែសោះថា ប្រាសាទមួយនោះ បុរាណខ្លាំង និង មានអាយុកាលដល់ជិត ២ ពាន់ឆ្នាំ។
តាមរយៈសារលិខិតសុំទោស ដែលលោកសរសេរផ្ញើទៅកាន់អភិបាលក្រុង Rome បានរៀបរាប់ថា៖ «ខ្ញុំទទួលស្គាល់កំហុស ដោយភាពអាម៉ាស់បំផុត និង សោកស្ដាយបំផុតនៅអ្វីដែលបានកើតឡើង ដែលខ្ញុំទើបដឹងពីភាពចាស់បុរាណនៃប្រាសាទមួយនេះ»។
គួររំឭកថា កាលពីពេលថ្មីៗកន្លងទៅ បុរសជាអ្នកទេសចរម្នាក់ ត្រូវបានគេលួចថតបាន កំពុងតែយកសោទៅឆ្លាក់ឈ្មោះខ្លួន និង គូស្នេហ៍លើជញ្ជាំងប្រាសាទដ៏ល្បី Colosseum ដោយវីដេអូនោះដែរ ត្រូវបានបញ្ជូនបន្តទៅឱ្យខាងមន្ត្រីសន្តិសុខនៅទីនោះ មុនបង្ហោះលើ Youtube និង ចែកចាយបន្តពាសពេញបណ្ដាញសង្គមនានា៕