ក្តៅៗ! សម្ដេច ហ៊ុន សែន ឱ្យម្ចាស់ Tiktok ប្រើឈ្មោះសម្ដេចទាំងអស់លុបចោលបន្ទាន់ក្នុង ១ ថ្ងៃនេះ បើមិនដូច្នេះនឹងប្រើវិធានការច្បាប់
តាមរយៈបណ្ដាញសង្គម Telegram នៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសំឡេងមួយដោយបានស្នើឱ្យអ្នកលេងបណ្តាញ TikTok ដែលយកឈ្មោះសម្តេចបង្កើតគណនីទាំងអស់ឱ្យលុបចោលទាំងស្រុងជាបន្ទាន់ក្នុងថ្ងៃនេះ បើមិនដូច្នេះនឹងប្រើវិធានការច្បាប់។
តាមរយៈសារសំឡេង សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំសូមស្នើឱ្យមានការបញ្ឈប់ លុបចោលទាំងស្រុងនូវគណនីដែលយកឈ្មោះខ្ញុំទៅប្រើនេះ ដែលវានឹងបង្កើតឱ្យមានការភាន់ច្រឡំមួយយ៉ាងធំ។ ដូច្នេះសូមឱ្យជំនួយការរបស់ខ្ញុំ ធ្វើការបន្ទាន់ជាមួយក្រុមហ៊ុន TikTok ក៏ដូចជាបងប្អូនដែលទទួលបាននូវសារសំឡេងរបស់ខ្ញុំនេះហើយ ត្រូវលុបចោលជាបន្ទាន់ បើមិនដូច្នោះទេ យើងខ្ញុំនឹងចាត់ការតាមផ្លូវច្បាប់ ដោយមិនអាចលើកលែងបានទេ ព្រោះវាអាចនឹងមានការយល់ខុស នៅពេលដែលបង្ហោះសារ ឬ បង្ហោះរូបភាពចេញទៅតាមរយៈគណនីដែលប្រើរូបខ្ញុំ ដូច្នេះឥឡូវនេះខ្ញុំចេញមកប្រើប្រាស់របស់ខ្ញុំផ្ទាល់ គឺខ្ញុំនឹងបង្ហោះខ្លួនឯង ឬ ជំនួយការរបស់ខ្ញុំចូលបង្ហោះ ប៉ុន្តែភាគច្រើនគឺខ្ញុំបង្ហោះខ្លួនឯង តាមរយៈសារខ្លីៗ ឬក៏រូបភាពខ្លីៗ ទៅតាមចិត្តចង់របស់ខ្ញុំ»៕