ទឹកដោះម្ដាយថ្លៃ! ក្មេងប្រុសអាយុ ៦ ឆ្នាំធ្លាក់ពីខ្សែរ៉តកម្ពស់ ១២ ម៉ែត្រចូលបឹង តែមិនប៉ះពាល់ដល់ជីវិត
សារព័ត៌មាន Daily Mail នាពេលថ្មីៗនេះបានចុះផ្សាយថា ក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ជាក្មេងដ៏មានសំណាងបំផុត ដែលនៅមានជីវិតរស់នៅបាន ក្រោយពីបានធ្លាក់ពីខ្សែរ៉តកម្ពស់ ១២ ម៉ែត្រចូលក្នុងបឹងមួយនៅឯសួនកម្សាន្តក្នុងរដ្ឋ Nuevo León ភាគឦសាននៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។
ក្មេងប្រុសម្នាក់អាយុ ៦ ឆ្នាំ ឈ្មោះ César Moreno ត្រូវបានថតជាប់ក្នុងវីដេអូ ពេលកំពុងតែជិះខ្សែរ៉តលេងនៅក្នុងសួនកម្សាន្ត ប៉ុន្តែស្រាប់តែខ្សែកម្ពស់ ៤០ ហ្វីត (ប្រមាណជា ១២ ម៉ែត្រ) បានដាច់បណ្ដាលឱ្យគេធ្លាក់ចូលទៅក្នុងបឹងនៅឯ Amazonian Expedition ក្នុងសួនកម្សាន្ត Fundidora Park ។
ជាមួយគ្នានេះ បងស្រីរបស់ក្មេងប្រុសរងគ្រោះ បានបង្ហោះនៅលើគណនីហ្វេសប៊ុកថា ៖ «បុរសម្នាក់ឈ្មោះ Good Samaritan បានលោតចូលបឹងភ្លាមៗ ដើម្បីជួយប្អូនប្រុសរបស់ខ្ញុំពេលគេធ្លាក់ចុះមក ហើយស្ទើរតែលង់ទឹកស្លាប់ទាំងពីរ កុំតែបានបងប្រុស និង មិត្តប្រុសរបស់ខ្ញុំប្រញាប់ចូលទៅជួយទេ»។ នាងបានលើកឡើងទៀតថា ក្នុងសួនកម្សាន្ត Fundidora Park គ្មានបុគ្គលិកណាបានជួយសង្រ្គោះប្អូនរបស់នាងទេ ព្រោះតែសួននេះមិនមានបុគ្គលិកហ្វឹកចេះសង្គ្រោះបន្ទាន់។ មិនតែប៉ុណ្ណោះ Mayra ដែលជាសាច់ញាតិរបស់ក្មេងប្រុស Cesar បានអះអាងទៀតថា បុគ្គលិករបស់សួនកម្សាន្តនោះ មិនមានបុគ្គលិកណាម្នាក់ត្រូវបានបណ្តុះបណ្តាលឱ្យចេះហែលទឹកនោះទេ។
គួរដឹងដែរថា Nuevo León Civil Protection បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្មេងប្រុសអាយុ ៦ ឆ្នាំនោះមិនមានរងរបួសអ្វីឡើយ ហើយគេអាចដើរចេញពីសួនកម្សាន្តជាមួយនឹងក្រុមគ្រួសាររបស់គេបានធម្មតា។
ដោយឡែក ខាងសួនកម្សាន្ត Fundidora Park បានប្រកាសកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅថា សកម្មភាពនៅសួនកម្សាន្តទាំងអស់ត្រូវបានផ្អាក ហើយថាពួកគេក៏កំពុងពិនិត្យមើល ក្រោយពីមានឧបទ្ទវហេតុនោះកើតឡើង ថែមទាំងរក្សាទំនាក់ទំនងជាមួយគ្រួសារជនរងគ្រោះ ដើម្បីជួយ និង ដោះស្រាយបញ្ហានោះ៕
ប្រភព ៖ Daily Mail