ទៅពិធីបូជាយញ្ញពពែ មកវិញឃ្លានចង់ហូបសាច់ពពែ ដល់បានហូបៗស្រាប់តែអស់បុណ្យចោលអ្នកផ្ទះ ព្រោះស្លាក់សាច់ពពែ
រឿងរ៉ាវថ្មីមួយទៀតហើយ នៅប្រទេសឥណ្ឌា ដែលមានបុរសវ័យ ៥០ ឆ្នាំម្នាក់ ស្លាក់ស្ទះខ្យល់ស្លាប់ភ្លាមៗ ក្រោយពីស្រវឹងទៅហូបគ្រាប់ភ្នែកពពែ។
តាមព័ត៌មានបានឱ្យដឹងថា ដំបូងឡើយបុរសរូបនេះជាមួយនឹងមិត្តភក្តិជាច្រើននាក់ទៀត បានធ្វើដំណើរទៅពិធីបូជាយញ្ញពពែមួយ ដែលធ្វើឡើងទៅតាមជំនឿក្នុងតំបន់។ លុះពេលមុនត្រឡប់ទៅផ្ទះវិញ ក៏បានឆ្លៀតទិញក្បាលពពែមួយក្បាល មកធ្វើម្ហូបផឹកស៊ីសប្បាយជាមួយនឹងមិត្តភក្តិ តែចៃដន្យអ្វីដោយសារតែផឹកស្រាច្រើនស្រវឹងផង បុរសរូបនេះក៏បានយកគ្រាប់ភ្នែកពពែមកហូបទាំងមិនទាន់ឆ្អិនស្រួលបួល។
ដោយសារតែគ្រាប់ភ្នែកនោះមានទំហំធំពេក ទើបធ្វើឱ្យស្លាក់នៅជាប់ក្នុងបំពង់-កបុរសរូបនេះ ឯមិត្តភក្តិក៏ប្រញាប់ជួយបញ្ជូនទៅមន្ទីរពេទ្យដែលមានចម្ងាយ ៧ គីឡូម៉ែត្រពីកន្លែងកើត តែជាអកុសល គ្រាន់តែទៅដល់មន្ទីរពេទ្យ បុរសរូបនេះក៏បានបាត់បង់ជីវិតបាត់ទៅ។ ដោយឡែក គ្រូពេទ្យបានឱ្យដឹងថា គ្រាប់ភ្នែកពពែនេះហើយជាមូលហេតុនៃការស្លាប់របស់បុរសខាងលើ។ ជាពិសេសដោយសារតែគេផឹកស្រវឹងផងនោះ ទើបធ្វើឱ្យការដកដង្ហើមមិនសូវបានស្រួល ហើយនៅពេលមកស្លាក់គ្រាប់ភ្នែកដែលមានទំហំដល់ ៥ សង់ទីម៉ែត្របែបនេះទៀត រឹតតែធ្វើឱ្យពិបាកក្នុងការសង្រ្គោះ ដែលបង្កឱ្យបាត់បង់ជីវិត៕