ក្រុមហ៊ុន OceanGate ម្ចាស់នាវាមុជទឹក Titan ប្រកាសផ្អាកសកម្មភាពចុះមុជទឹកទាំងស្រុង
សារព័ត៌មាន BBC នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានចុះផ្សាយថា ក្រុមហ៊ុន OceanGate ដែលជាម្ចាស់នាវាមុជទឹក Titan បានបាត់ខ្លួនកាលពីខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅ ដែលបានធ្វើឱ្យអ្នកដំណើរចំនួន ៥ នាក់បានស្លាប់ ពេលនេះបានប្រកាសផ្អាករាល់សកម្មភាពទាំងស្រុងរបស់ខ្លួនហើយ។
ក្រុមហ៊ុន OceanGate ថ្មីៗនេះបានបង្ហោះកំណត់ត្រាមួយនៅលើគេហទំព័ររបស់ខ្លួន ដោយលើកឡើងថា ៖ «ខ្លួនបានបញ្ឈប់ប្រតិបត្តិការរុករក និង ពាណិជ្ជកម្មទាំងអស់របស់ខ្លួន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅលើគេហទំព័រក្រុមហ៊ុននៅតែបន្តការផ្សព្វផ្សាយពីដំណើរទេសចរណ៍ទៅប្រជុំកោះនៅប្រទេសព័រទុយហ្គាល់ Azores និង Bahamas ដដែល»។
សេចក្ដីប្រកាសដ៏ខ្លីមួយនេះរបស់ក្រុមហ៊ុន OceanGate បានធ្វើឡើងខណៈពេលដែលការស៊ើបអង្កេតពីការផ្ទុះរបស់នាវា Titan កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ ពេលដែលពួកគេធ្វើដំណើរចុះទៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីមើលកប៉ាល់ Titanic ។
ជាមួយគ្នានេះដែរ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ប្រតិបត្តិការស៊ើបអង្កេតនេះនៅតែបន្តធ្វើឡើង ដោយសារតែចង់ការពារកុំឱ្យមានហេតុការណ៍បែបនេះកើតឡើងម្ដងទៀតនៅពេលអនាគត។ ហើយប្រធានផ្នែកស៊ើបអង្កេតលោក Cpt Jason Neubauer ក៏បានបញ្ជាក់ដែរថា ការស៊ើបអង្កេតនេះត្រូវបានធ្វើរួមគ្នាជាមួយនឹងអាជ្ញាធរកាណាដា ចក្រភពអង់គ្លេស និង បារាំង ហើយការស៊ើបអង្កេតនោះ អាចនឹងឈានដល់ការចោទប្រកាន់រដ្ឋប្បវេណី ឬបទព្រហ្មទណ្ឌ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ឆ្មាំសមុទ្របានរកឃើញកំទេចកំទីយាន និង បំណែកនៃសាកសពមនុស្សមកពីនាវាមុជទឹក Titan ដោយបានស្រង់ឡើងគោក និង យកទៅកំពង់ផែសហរដ្ឋអាមេរិក ដើម្បីវិភាគបន្ថែមទៀត៕
ប្រភព ៖ BBC