ចិន ប្រាប់ឱ្យពលរដ្ឋត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយជាច្រើន អាចនឹងកើតឡើងក្នុងខែ កក្កដា នេះ
សារព័ត៌មាន NDTV នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ នេះបានចុះផ្សាយថា អាជ្ញាធរចិន បានប្រកាសព្រមានអំពីអាកាសធាតុដ៏សាហាវ និង គ្រោះមហន្តរាយធម្មជាតិជាច្រើន ដែលនឹងកើតមានក្នុងខែកក្កដា ឆ្នាំ ២០២៣ នេះ ដោយបង្កឱ្យមានភ្លៀងធ្លាក់ច្រើនក្នុងតំបន់ជាច្រើននៃភាគកណ្តាល និង ភាគនិរតីនៃប្រទេសចិន។
កាសែតចិន ឈ្មោះ Chongqing Daily បានចុះផ្សាយពីការប្រកាសអាសន្នអំពីគ្រោះមហន្តរាយ ដែលបង្កឱ្យមានភ្លៀងធ្លាក់ច្រើនក្នុងតំបន់ភាគនិរតី និង កណ្ដាលនៃប្រទេស ដោយអាជ្ញាធរឧតុនិយមបានព្រមានថា ប្រទេសនឹងប្រឈមមុខនឹងគ្រោះមហន្តរាយដូចជា ទឹកជំនន់ អាកាសធាតុចុះត្រជាក់ខ្លាំង ព្យុះទីហ្វុង និង សីតុណ្ហភាពកើនឡើងខ្ពស់ ខណៈដែលកាលពីថ្ងៃទី ៣ ខែកក្កដា កន្លងទៅ ផ្ទះ និង ផ្លូវរាប់សិបកន្លែងត្រូវបានខូចខាត ជាពិសេសនៅក្នុងខេត្ត Shaanxi ភាគពាយ័ព្យនៃប្រទេសចិន ដែលមានភ្លៀងធ្លាក់ខ្លាំងជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល ៥០ ឆ្នាំ។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅមន្ត្រីខេត្តបាននិយាយថា មានមនុស្សជាង ១០ ០០០ នាក់នៅក្នុងខេត្ត Hunan ភាគកណ្តាល ត្រូវបានជម្លៀសចេញពីទឹកជំនន់កាលពីសប្តាហ៍មុន និង បានបំផ្លាញផ្ទះអស់ជាង ២០០០ ខ្នង។
ដោយឡែក ខាងអ្នកវិទ្យាសាស្ត្រវិញបានបញ្ជាក់ថា ការកើនឡើងសីតុណ្ហភាពសកល ដែលបណ្តាលមកពីការដុតឥន្ធនៈហ្វូស៊ីលកំពុងធ្វើឱ្យអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងពិភពលោក ហើយប្រទេសជាច្រើននៅអាស៊ីបានជួបប្រទះរលកកម្ដៅដ៏ខ្លាំងក្លា និង សីតុណ្ហភាពខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ហើយប្រទេសចិន គឺជាប្រទេសមួយ ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ច្រើនបំផុតក្នុងពិភពលោក ដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ៕
ប្រភព ៖ NDTV