បុរសម្នាក់មានវាសនាបានជិះយន្តហោះមួយម្នាក់ឯងយ៉ាងរំភើយ ក្រោមមូលហេតុស្មានមិនដល់នេះ
ថ្មីៗនេះ មានរឿងរ៉ាវរបស់បុរសម្នាក់ ដែលបានជិះយន្តហោះមួយគ្រឿងតែម្នាក់ឯងគត់ ក្រោយពីស៊ូចាំជើងហោះហើរពន្យារពេល ១៨ ម៉ោង បាន និង កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
តាមព័ត៌មានបានឱ្យដឹងថា បុរសម្នាក់នេះបានទិញជើងហោះហើរ American Airline ពីរដ្ឋ Oklahoma ទៅកាន់ North Carolina សហរដ្ឋអាមេរិក តែស្រាប់មានការផ្តល់ដំណឹងមកថា ជើងហោះហើរជាច្រើន ជាពិសេសជើងហោះហើររបស់លោកត្រូវបានពន្យារពេល ដោយសារតែព្យុះកំពុងតែបក់បោកក្នុងប្រទេស។ ក្នុងនោះ អ្នកដំណើរផ្សេងទៀត ក៏បានរំសាយការហោះហើរអស់ អ្នកខ្លះក៏ទៅចាំនៅផ្ទះ ចំណែកលោកដោយសារតែមានការងារបន្ទាន់ត្រូវហោះហើរទៅផ្ទះ ទើបលោកស៊ូចាំនៅក្នុងហាងកាហ្វេក្នុងព្រលានតែម្នាក់ឯងយ៉ាងស្ងាត់ជ្រងំ គឺតាំងពីម៉ោង ៦ ព្រឹក ដល់ម៉ោង ១១ យប់ឯណោះ។
យ៉ាងណាមិញ កំពុងអង្គុយចាំតែម្នាក់ឯង ខាងបុគ្គលិកជើងហោះហើរក៏បានមកប្រាប់ថា ជើងហោះអាចចេញទៅបានហើយ លោកក៏ប្រញាប់ឡើងទៅ ស្រាប់តែទៅដល់ក្នុងយន្តហោះស្ងាត់ឈឹងគ្មានមនុស្សសោះ លោកពិតជាភ្ញាក់ផ្អើលមែន។ ដោយឡែក បុរសរូបនេះបានចាត់ទុកនេះគឺជាបទពិសោធមួយដ៏គួរឱ្យចងចាំសម្រាប់ខ្លួនផងដែរ វាជាអារម្មណ៍មួយថ្មីប្លែក ដូចជាលោកម៉ៅយន្តហោះជិះតែឯងអ៊ីចឹង៕