កុំភ្លេចណាត់គ្នាទៅមើល! ដើមខែក្រោយ សារមន្ទីរមួយនៅសៀមរាប នឹងរៀបចំពិព័រណ៍អធឹកអធមណាស់
នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ នេះ អាជ្ញាធរជាតិអប្សរា បានប្រកាសថា ចាប់ពីខែកក្កដា ឆ្នាំ ២០២៣ នេះតទៅ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិព័រណ៍បង្ហាញអំពីវត្ថុសិល្បៈ ដែលទទួលបានពីប្រជាពលរដ្ឋរយៈពេលមួយឆ្នាំពេញ។
យោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរៀបចំតាំងពិព័រណ៍នឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៣១ ខែមិថុនា ឆ្នាំ ២០២៤ ដោយមានបង្ហាញអំពីកុលាលភាជន៍ និង វត្ថុសិល្បៈជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរបានប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់រយៈពេលមួយឆ្នាំពេញ។
ជាមួយគ្នានេះដែរ នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏បានឱ្យដឹងដែរថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋមកថែរក្សា និង អភិរក្ស សារមន្ទីរនឹងបង្ហាញពិព័រណ៍ ដែលនឹងចាប់ផ្តើមនាដើមខែកក្កដាខាងមុខនេះ ដើម្បីបង្ហាញកុលាលភាជន៍ចំនួន ១៦ ជាប្រភេទកុលាលភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត និង ពណ៌បៃតង ដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡកម្តៅចន្លោះពី ១០០០ ទៅ ១២០០ អង្សាសេ ហើយភាជន៍ទាំង ១៦ នោះ មានប្រភពមកពីភូមិចំនួន ៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ស្របគ្នានេះដែរ អាជ្ញាធរអប្សរាក៏បានអំពាវនាវដែរថា ប្រសិនបើសាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និង អ្នកស្រាវជ្រាវចាប់អារម្មណ៍ អាចទៅសិក្សាស្វែងយល់ ឱ្យកាន់តែច្បាស់អំពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ ដែលនឹងមានមន្ត្រីជំនាញធ្វើបទបង្ហាញជូន អំពីព័ត៌មានថ្មីៗទាក់ទងនឹងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និង ការចូលរួមចំណែករបស់ប្រជាជនក្នុងការថែរក្សាវត្ថុបុរាណ ព្រមទាំងសម្បត្តិបេតកភណ្ឌជាតិប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ ២០០៨ មក ដោយមានវត្ថុសិល្បៈពីបុរាណជាច្រើន បានមកពីការធ្វើកំណាយស្រាវជ្រាវនានា ហើយសារមន្ទីរនេះ មានទីតាំងនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប បើកឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ ម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ៤:៣០ ល្ងាច៕
ប្រភព និង រូបភាពដោយ ៖ អាជ្ញាធរជាតិអប្សរា