ទំនេរៗ ទៅឆ្លាក់ឈ្មោះគូដណ្ដឹងលើជញ្ជាំងប្រាសាទបុរាណដ៏ល្បីនៅអ៊ីតាលី ឥលូវប្រឈមជាប់គុកលេង
អាជ្ញាធរប្រទេសអ៊ីតាលី កំពុងស៊ើបរកបុរសម្នាក់ ដែលបានធ្វើការឆ្លាក់ឈ្មោះរបស់ខ្លួន និង គូដណ្ដឹង លើជញ្ជាំងប្រាសាទ Colosseum។ ទង្វើរបស់បុរសនេះដែរ បើតាមច្បាប់ប្រទេសនេះ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ៥ ឆ្នាំ។
កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ មន្ត្រីក្រសួងវប្បធម៌ប្រទេសអ៊ីតាលី Gennaro Sangiuliano បានធ្វើការបង្ហោះវីដេអូមួយលើបណ្ដាញសង្គម Twitter ដោយបង្ហាញឱ្យឃើញបុរសម្នាក់ កំពុងយកសោទៅឆ្លាក់ឈ្មោះលោក និង គូដណ្ដឹង លើជញ្ជាំងប្រាសាទ Colosseum ដែលជាសំណងអគារបុរាណដ៏ល្បីល្បាញបំផុតមួយលើពិភពលោក។
បច្ចុប្បន្ន ខាងអាជ្ញាធរកំពុងធ្វើការស្វែងរកបុរសជាអ្នកទេសចររូបនោះ ហើយប្រសិនបើឃាត់ខ្លួនបាន និង ពិតជារកឃើញជាប់ទោសមែន នោះរូបគេអាចប្រឈមមុខនឹងជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ រួមទាំងពិន័យជាសាច់ប្រាក់ប្រមាណជាង ១៦ ០០០ ដុល្លារ៕