កោតធ្វើទៅរួច! នេះជាចម្លើយសារភាពជនដៃដល់ទាំង ២ ក្នុងហេតុការណ៍ម្ដាយកូនបាត់បង់ជីវិតយ៉ាងរន្ធ-ត់ កក្រើកនៅព្រៃវែង
នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ នេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ពីការចុះស៊ើបអង្កេត ស្រាវជ្រាវ បំបែកសំណុំរឿងឃាតកម្មយ៉ាងព្រៃផ្សៃមួយ នៅស្រុកស្វាយអន្ទរ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២ នាក់ ករណី ឃាតកម្មគិតទុកជាមុន រំលោភសម្លាប់ និងផ្សំគំនិត ដែលបានសម្លាប់ម្ដាយកូន ២ នាក់ និងយកភ្លើងដុតផ្ទះ ដុតសពជនរងគ្រោះដើម្បីបង្វែរឿងទៅជាករណីគ្រោះអគ្គិភ័យ។
ប្រតិបត្តិការចុះស៊ើបអង្កេតស្រាវជ្រាវនេះ ឈានដល់ការកំណត់អត្តសញ្ញាណជនសង្ស័យបាន ដោយជនសង្ស័យទី ១ ឈ្មោះ នួន ទូច ភេទស្រី អាយុ ៤៩ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត, ទី ២ ឈ្មោះ មុំ ញ៉េប ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រីឯស្ត្រីរងគ្រោះ មានឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកូនប្រុសឈ្មោះ ម៉យ ចាន់ អាយុ ២ ឆ្នាំ។
បើតាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ នួន ទូច (ហៅម៉ៅ) បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យបានដឹងថា ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣ ខ្លួនចាប់ផ្តើមប្រច័ណ្ឌប្ដីរបស់ខ្លួន ជាមួយឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) ពីព្រោះខ្លួនបានឃើញពីរនាក់គេនោះតែងនៅជិតគ្នាមានភាពស្និទ្ធស្នាលខុសពីធម្មតា រហូតដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោងប្រមាណ ០៥:៣០ នាទីល្ងាច ខ្លួនបានហូបបាយជុំគ្នា ដោយមានហូបស្រាផងដែរ ជាមួយប្ដីឈ្មោះ កន រស្មី និងកូនជាងម្នាក់ទៀតឈ្មោះ មុំ ញ៉េប (ជនសង្ស័យទី២)។ ពេលកំពុងហូបបាយ ខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី ដោយសារប្រច័ណ្ឌប្ដី និងជនរងគ្រោះថាបានលួចលាក់ទំនាក់ទំនងស្នេហាជាមួយគ្នា។
ក្រោយឈ្លោះប្រកែកគ្នាខ្លាំងមួយប្រាវ ប្ដីរបស់ខ្លួនបានទៅដេកមុន ចំណែកខ្លួន និងឈ្មោះ មុំ ញ៉េប បានទៅទិញស្រាថ្នាំថែមមកផឹកអស់កន្លះលីត្រទៀត ។ លុះដល់ម៉ោង ០៨ និង ៣០ នាទីយប់ ខ្លួនក៏បានបបួលឈ្មោះ មុំ ញ៉េប ទៅផ្ទះរបស់ជនរងគ្រោះ គោលបំណងដើម្បីឱ្យឈ្មោះ មុំ ញ៉េប ចាប់រំលោភជនរងគ្រោះ។
ជនសង្ស័យបានបន្តទៀតថា ពេលទៅដល់ផ្ទះជនរងគ្រោះ ឃើញទ្វារកំពុងបិទ ពួកគេក៏ច្រានទ្វារចូល ឃើញជនរងគ្រោះឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) កំពុងដេកលើគ្រែជាមួយកូនប្រុស ពេលនោះ ជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួនរៀបនឹងស្រែក តែខ្លួនជាមួយឈ្មោះ មុំ ញ៉េប ក៏បានចាប់ខ្ទប់មាត់ និងបានយកខ្សែជ័រចងរន្ទា មករឹតកជនរងគ្រោះរហូតសន្លប់បាត់ស្មារតី ខណៈនោះ ឈ្មោះ មុំ ញ៉េប បានចាប់ផ្តើមធ្វើសកម្មភាពរំលោភសេពសន្ទវៈលើជនរងគ្រោះរហូតបានសម្រេច។
ក្រោយរំលោភរួច ខ្លួន (នួន ទូច) បានយកខ្សែដដែលរឹតកជនរងគ្រោះម្ដងទៀតរហូតស្លាប់ ខណៈនោះ កូនប្រុសរបស់ជនរងគ្រោះ ឈ្មោះ ចាន់ ក៏បានភ្ញាក់ឡើង ភ្លាមនោះ ខ្លួន (ជនសង្ស័យ នួន ទូច) ក៏បានចាប់បោកក្មេងប្រុសនោះផ្ទប់នឹងដី ហើយយកជើងជាន់ខ្លាំងៗលើក្បាលលើខ្លួន ច្រើនដងរហូតក្មេងនោះបាក់ដៃបាក់ជើងផុងលលាដ៍ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មកខ្លួន និងឈ្មោះ មុំ ញ៉េប ក៏សម្រេចចិត្តដុតផ្ទះនោះ ដើម្បីបំប្លែងជាគ្រោះថ្នាក់អគ្គិភ័យ។
យ៉ាងណាមិញ បច្ចុប្បន្ន ជនសង្ស័យទាំង ២ នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីមន្ត្រីនគរបាលយុត្តិធម៌ កសាងសំណុំរឿងបញ្ជូនទៅតុលាការគ្មានការលើកលែង៕