រដ្ឋបាលខេត្តបកស្រាយច្បាស់ៗ ករណីព្រះពុទ្ធរូបផ្ចាញ់មា ០១ ព្រះអង្គនៅពោធិ៍សាត់ មានលក្ខណៈមិនស្អាតល្អ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាពេលថ្មីៗនេះ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង បញ្ចេញមតិព្រោងព្រាត ទៅលើរចនាប័ទ្មព្រះពុទ្ធប្បដិមាមួយព្រះអង្គ ស្ថិតនៅវត្តវាល ដែលមានទីតាំងក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្រោយពីមានការបញ្ចេញមតិផ្សេងៗគ្នានេះ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីបំភ្លឺព័ត៌មាន អំពីព្រះពុទ្ធរូបផ្ចាញ់មា ០១ ព្រះអង្គ ដែលស្ថិតនៅក្នុងបរិវេណវត្តវាល ភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានលក្ខណៈមិនស្អាតល្អ…។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្ត បានបញ្ជាក់ឱ្យដឹងថា តាមរយៈការចុះពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរ ធម្មការ និងសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា ០១ ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ ២០០៩ មកម៉្លេះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានាដែល មានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ ម៉ែត្រ ព្រះភ្នែន ២១ ម៉ែត្រ។ តាមព្រះចៅអធិការវត្តវាលព្រះនាម ជុំ សារឿន មានដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មារនេះ បានប្រើប្រាស់ ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវតាម ក្បួនខ្នាតនោះទេ ដែលអាចមានការខុសឆ្គងខ្លះៗ។ តាមការពិនិត្យជាក់ស្ដែង បើយើងមើលចំពីមុខ ព្រះភក្ត្រ ព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។
ទន្ទឺមគ្នានេះ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅ អធិការវត្តដើម្បីបន្តពិនិត្យ និងវាយតម្លៃឱ្យបានល្អិតល្អន់នូវចំណុចខ្វះខាត ឆ្នាំឆ្គងណាដែលគួរធ្វើការកែលម្អ ឱ្យបានសមរម្យ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖