ប្រជាជនកូរ៉េខាងត្បូង នឹងមានអាយុថយចុះ ១ ឆ្នាំ ខណៈច្បាប់ថ្មី មិនគិតពីអាយុនៅក្នុងផ្ទៃម្ដាយ
សារព័ត៌មាន BBC នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ នេះបានចុះផ្សាយថា ប្រជាជនកូរ៉េខាងត្បូង បានក្លាយជាមនុស្សក្មេងជាងមុន ១ ឆ្នាំ ឬ ២ ឆ្នាំ ដោយសារតែច្បាប់ថ្មីរបស់ប្រទេសកូរ៉េ បានអនុម័តប្រព័ន្ធរាប់អាយុតាមស្តង់ដារអន្តរជាតិ។
តាមប្រភពបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង នឹងលុបចោលនូវវិធីសាស្រ្តរាប់អាយុតាមបែបប្រពៃណីរបស់ខ្លួន ហើយទទួលយកស្តង់ដាររាប់អាយុអន្តរជាតិចាប់ពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខតទៅ ដោយការផ្លាស់ប្ដូរនេះ នឹងកាត់បន្ថយអាយុមួយ ឬពីរឆ្នាំលើឯកសារផ្លូវការវិញ។
ជាក់ស្ដែង កាលពីមុនប្រព័ន្ធរាប់អាយុរបស់ប្រជាជនកូរ៉េ បានកំណត់ថា ប្រជាជនកូរ៉េមានអាយុ ១ ឆ្នាំនៅពេលពួកគេកើត ពោលគឺរាប់ទាំងពេល ដែលនៅក្នុងផ្ទៃម្ដាយដែរ ប៉ុន្តែច្បាប់ថ្មីនេះ ប្រព័ន្ធរាប់អាយុនឹងត្រូវបានបង្រួម ក្រោមស្តង់ដារអន្តរជាតិវិញ ដោយអាយុនឹងចាប់រាប់ពីថ្ងៃកើតដូចអន្តរជាតិដែរ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េ លោក Yoon Suk-yeol ក៏បានបញ្ជាក់ដែរថា ស្តង់ដាររាប់អាយុនេះ នឹងត្រូវអនុវត្តនៅគ្រប់ផ្នែកទាំងអស់ដូចជា តុលារ និង រដ្ឋបាលជាដើម ប៉ុន្តែសម្រាប់ករណីបំពេញកាតព្វកិច្ចយោធា អាយុផឹកស្រា ឬជក់បារី និង អាយុសិក្សាគឺមិនអនុវត្តនោះទេ។
មិនតែប៉ុណ្ណោះ លោក Yoon Suk-yeol ក៏បានលើកឡើងថា ប្រព័ន្ធរាប់អាយុថ្មីនេះគឺជាយុទ្ធនាការមួយជួយដល់ការចំណាយសង្គម និង សេដ្ឋកិច្ច ដែលមិនចាំបាច់។ ចំណែកឯ លោក Lee Wan-Kyu រដ្ឋមន្រ្តីនៃក្រសួងនីតិកម្មកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ក្នុងសន្និសីទសារព័ត៌មានមួយថា ប្រព័ន្ធរាប់អាយុស្តង់ដារអន្តរជាតិនេះនឹងជួយកាត់បន្ថយការចំណាយសង្គមជាច្រើន ហើយក៏នឹងជួយសម្រួលដល់បណ្ដឹងរដ្ឋប្បវេណី ឬបណ្ដឹងផ្លូវច្បាប់ ដែលកើតឡើងពីភាពច្របូកច្របល់ក្នុងការគណនាអាយុ ដូចជាការកំណត់សិទ្ធិទទួលបានប្រាក់សោធននិវត្តន៍ជាដើម។
គួរបញ្ជាក់ដែរថា ប្រព័ន្ធរាប់អាយុចាស់របស់កូរ៉េខាងត្បូង បានរាប់ទារក ដែលទើបកើតមកថាមានអាយុ ១ ឆ្នាំរួចទៅហើយ ដោយរាប់ទាំងពេលគេនៅក្នុងផ្ទៃម្ដាយ ហើយពួកគេនឹងមានអាយុ ២ ឆ្នាំនៅថ្ងៃចូលឆ្នាំថ្មី។ ឧទាហរណ៍ថា ទារកម្នាក់កើតនៅថ្ងៃចូលឆ្នាំសាកលនឹងមានអាយុ ២ ឆ្នាំភ្លាមៗព្រោះពួកគេមានអាយុ ១ ឆ្នាំស្រាប់ហើយពេលនៅក្នុងពោះ៕
ប្រភព ៖ BBC