ខឹងចិត្តក្រុមបាល់ទាត់ជម្រើសជាតិ U17 ខ្លួន ទាត់ចាញ់ក្រុមកូរ៉េខាងត្បូង អ្នកគាំទ្រថៃឡាំប៉ាដុតកាំជ្រួចភ្លើងបោះចូលវឹកវរពេញទីលាន
កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមបាល់ទាត់ជម្រើសជាតិ U17 របស់ថៃ បានប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងការប្រកួត 2023 Asian Championship នាទីលានខេត្តប៉ាធុមថានី។
យ៉ាងណាមិញ ខាងក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានក្តោបជ័យជម្នះដោយជោគជ័យ ដោយរកគ្រាប់បាល់បាន ៤ គ្រាប់ ទល់នឹងខាងថៃ ១ គ្រាប់។ ដោយឡែក ខណៈចប់ការប្រកួតបែរជាមានអ្នកគាំទ្រថៃមួយចំនួនកើតការមិនពេញចិត្ត ព្រមទាំងបានបង្កជាចលាចល ដោយបាននាំគ្នាដុតកាំជ្រួចភ្លើងយ៉ាងសន្ធោសន្ធៅហ៊ុយផ្សែងត្របាញ់ រួចទម្លាក់ចូលក្នុងទីលានទៀតផង។
សកម្មភាពបែបនេះ ត្រូវបានគេចាត់ទុកថាជាការល្មើសច្បាប់ការប្រកួត ដោយសហព័ន្ធអ្នករៀបចំការប្រកួត AFC អាចដាក់ទោសបានដោយការពិន័យជាលុយ និង ថែមទាំងអាចហាមមិនឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះរបស់កម្មវិធីរបស់ AFC ទាំងអស់ផងដែរ។
គួរឱ្យដឹងដែរថា ខាងសហព័ន្ធបាល់ទាត់ប្រទេសថៃ ធ្លាប់ត្រូវខាង AFC ដាក់ទោសជាការពិន័យប្រាក់មកជាច្រើនដងហើយទាក់ទងនឹងករណីដុតកាំជ្រួចនេះ ក្នុងនោះ ឆ្នាំ ២០១៤ និង ២០១៦ ត្រូវពិន័យអស់ជិត ៤ ម៉ឺនដុល្លារ ឯក្នុងឆ្នាំ ២០២២ ក្នុងការប្រកួត Asian Cups ត្រូវពិន័យអស់ជិត ២ ម៉ឺនដុល្លារ និង ចុងក្រោយ ក្នុងការប្រកួត Beach world championships 2023 ក៏ត្រូវពិន័យជិត ៧ ម៉ឺនដុល្លារទៀត៕