រំភើបស្រក់ទឹកភ្នែក! ឯកឧត្តម ស៊ុន ចាន់ថុល ឧបត្ថម្ភដី ធ្វើផ្ទះជូនម្ចាស់បទ «មានដង្ហើម មានសង្ឃឹម» និង គ្រោងពិភាក្សាជាមួយផលិតកម្មបារមីពីសមត្ថភាពនិពន្ធរបស់គេទៀត
ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារក្នុងក្រុងសៀមរាប នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅសួរសុខទុក្ខ លោក ប្រាក់ សុផាន់ណា ដែលជាជនមានពិការភាពដែលពោរពេញដោយសមត្ថភាព និង ទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និង ចម្រៀង ដោយធ្លាប់ត្រូវបានអញ្ជើញឱ្យចូលរួមសម្តែងនៅក្នុងពិធីបើកកម្មវិធីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣។
ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមក្រសួងសាធារណការ និង ដឹកជញ្ជូន បានឧបត្ថមថវិកាចំនួន ២៥០០ ដុល្លារអាមេរិក ដោយឡែកក្រុមហ៊ុនជីបម៉ុង តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានឧបត្ថមថវិកាចំនួន ២៥០០ ដុល្លារអាមេរិកផងដែរ។ លើសពីនេះថ្នាក់ដឹកនាំក្រសួង ដែលបានចូលរួមនាឱកាសនោះ បានរួមគ្នាឧបត្ថម្ភថវិកាផ្ទាល់មួយចំនួនជូនលោក ប្រាក់ សុផាន់ណា ក្នុងការទ្រទ្រង់ជីវភាពគ្រួសារទៀតផង។
ដើម្បីសម្រេចនូវគោលបំណងរបស់លោក ប្រាក់ សុផាន់ណា ក្នុងការមានផ្ទះ និង ដីផ្ទាល់ខ្លួនក្នុងការរស់នៅ ដោយមិនចាំបាច់ជួលគេ ឯកឧត្តមទេសរដ្ឋមន្ត្រីសម្រេចឧបត្ថម្ភផ្ទះ និង ដីមួយកន្លែងជូនតាមសំណូមពរ។
ទន្ទឹមនឹងនេះ ដើម្បីឱ្យជីវភាពគ្រួសាររបស់លោក សុផាន់ណា កាន់តែប្រសើរ ឯកឧត្តមទេសរដ្ឋមន្ត្រីគ្រោងពិភាក្សាជាមួយនឹងផលិតកម្មបារមី ក៏ដូចជាក្រុមហ៊ុនជីបម៉ុង ក្នុងការនាំយកសមត្ថភាព និង ទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និង ចម្រៀងរបស់លោកទៅរៀបចំផលិត និង បង្ហាញជូនសាធារណជន នៅផ្សារទំនើបជីបម៉ុងមេហ្គាម៉ល៕
ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន