ការសិក្សាថ្មីរកឃើញថា រឿងរ៉ាវ ៦ យ៉ាងនេះ បើអាចជៀសបាន កុំបង្ហោះឱ្យសោះលើបណ្ដាញសង្គម
បច្ចេកវិទ្យាកាន់តែទៅមុខ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទៅតាមកម្មវិធីដែលគេនិយមប្រើប្រាស់ជាប្រចាំទៅតាមប្រទេស និងតំបន់នីមួយៗ។
ទន្ទឹមនឹងការប្រើប្រាស់បណ្ដាញសង្គមនេះ បើតាមវែបសាយបរទេស Phunutoday បានណែនាំនូវរឿង ៦ យ៉ាង ដែលអ្នកមិនគួរ បង្ហោះលើបណ្ដាញសង្គម ដែលមានដូចជា ៖
១. រូបភាពបែបស៊ិចស៊ីរបស់អ្នក និង កូនៗ
មិនថាអ្នកស្លៀកឈុតប៊ីគីនីពេលវិស្សមកាល ជាលក្ខណៈគ្រួសារ ឬ រូបថតបែបស៊ិចស៊ីស្អាតៗនោះទេ គឺមិនគួរចែករំលែកលើបណ្ដាញសង្គមឡើយ ព្រោះ រូបរបស់អ្នកអាចត្រូវគេលួចយកទៅបង្ហាញលើគេហទំព័រអាសអាភាស ដូច្នេះគួរតែរក្សារូបទាំងនោះឱ្យមានសុវត្ថិភាព គួរកុំបង្ហោះ។ ទន្ទឹមគ្នានេះ ចំពោះឪពុកម្តាយមួយចំនួនចូលចិត្តបង្ហោះរូបភាពអាក្រាតរបស់កូនៗ ក៏មិនគួរបង្ហោះដែរ ព្រោះពេលដែលកូនធំឡើង វាអាចនឹងប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ។
២. បញ្ហាទំនាក់ទំនងរបស់អ្នក
បើអ្នក និង ប្តីឈ្លោះគ្នាច្រើន កុំឱ្យញាតិមិត្តដឹង ដោយបង្ហោះតាមអ៊ីនធឺណេត។ នៅពេលដែលអ្នកបន្តបង្ហោះស្ថានភាពអំពីបញ្ហាឯកជនជាប្រចាំ វាអាចធ្វើឱ្យមិត្តក្នុងបណ្តាញសង្គមរបស់អ្នកមិនឱ្យតម្លៃទេ។ ដូច្នេះអ្នកគួររក្សាវាជាឯកជនសម្រាប់ខ្លួនអ្នក។
៣. លុយ ឬ ភាពហ៊ឺហា
ប្រសិនបើអ្នកមានលុយច្រើន ឬ ទិញរបស់ថ្មីៗ កុំប្រញាប់អួតអំពីវានៅលើបណ្ដាញសង្គម ព្រោះទង្វើនេះអាចនាំមកនូវហានិភ័យនានាមកដល់ខ្លួនអ្នក ដោយមិនដឹងខ្លួន។
៤. ការសន្ទនាផ្ទាល់ខ្លួន
ការសន្ទនាផ្ទាល់ខ្លួន គឺមិនគួរយកវាមកបង្ហោះនៅលើបណ្ដាញសង្គមឡើយ អ្នកគួររក្សាវាជាឯកជនជាមួយភាគីដែលអ្នកបានឆ្លើយឆ្លងជាមួយ។
៥. Update ពីជីវិតអាពាហ៍ពិពាហ៍អ្នកជាប្រចាំ
ការដែល Update ពីជីវិតអាពាហ៍ពិពាហ៍របស់អ្នកជាប្រចាំ អាចធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនមានអារម្មណ៍ធុញទ្រាន់ និងរំខាននៅពេលដែលពួកគេត្រូវមើលការអាប់ដេតស្ថានភាពរបស់អ្នកជាបន្តបន្ទាប់។
៦. សកម្មភាពខុសច្បាប់
ប្រសិនបើអ្នកបើកបរដោយចៃដន្យពេលស្រវឹង ហើយអ្នកថតរូបបង្ហោះ នោះបានន័យថាអ្នកកំពុងតែបង្ហាញពីទង្វើខុសច្បាប់របស់អ្នក៕
ប្រែសម្រួលពី ៖ Phunutoday