ប្តីចុះខេត្តទៅធ្វើការ ស្រាប់តែយល់សប្តិអាក្រក់ឃើញប្ដីអត់ក្បាល បារម្ភពេកខំជិះតាមដល់ខេត្ត បែរជាឃើញប្ដីកំពុងនាំស្រីទៅបឿក
រឿងរ៉ាវហួសចិត្តមួយ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនៅថៃចែករំលែកជាថ្មី ដោយនិយាយពីករណីស្ត្រីជាភរិយាម្នាក់បានយល់សប្ដិអាក្រក់ឃើញប្ដីអត់ក្បាល ហើយព្រួយបារម្ភពីសុវត្ថិភាពប្ដីដែលកំពុងចុះធ្វើការតាមខេត្ត ខំបើកឡានទៅរក តែបែរជារកឃើញប្ដីកំពុងនាំស្រីឡើងសណ្ឋាគារ ដែលធ្វើឱ្យភាំងរកពាក្យនិយាយសឹងមិនចេញ។
ពិតណាស់ រឿងរ៉ាវនេះបានកើតឡើងតាំងពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ដោយសារតែជាតថភាពពិតមួយក្នុងសង្គម ក៏ត្រូវបានគេចែករំលែកឡើងវិញដើម្បីដាស់តឿនដល់បុរសជាប្តីមួយចំនួនដែលលួចមានក្រៅ។ តាមការឱ្យដឹង រឿងរ៉ាវនេះបានកើតឡើងលើស្ត្រីជាភរិយាម្នាក់ឈ្មោះ Sunnisa ដោយនាងបានរៀបរាប់ថា ៖ «កាលពីយប់ថ្ងៃទី ១៨ ខែមិថុនា នាងបានគេងយល់សប្ដិអាក្រក់ឃើញប្ដីដាច់ក្បាល ហើយងើបមកព្រួយបារម្ភជាខ្លាំង ព្រោះបច្ចុប្បន្នប្ដីកំពុងធ្វើការនៅខេត្ត ហើយបានទូរស័ព្ទប្រាប់ថានឹងបន្ដទៅពិនិត្យការងារនៅរោងចក្រមួយកន្លែងទៀត ក្នុងខេត្ត Nakhon Rachasima ដោយមិនទាន់បានត្រឡប់មកផ្ទះទេ។ ហើយនៅថ្ងៃទី ១៩ ម៉ោង ៥ ល្ងាចនាងក៏បានទូរស័ព្ទទៅប្ដី តែទាក់ទងមិនបាន។ ម៉ោង ៦ ល្ងាចនាងបានព្យាយាមទាក់ទងម្ដងទៀត ដោយខលចូលប៉ុន្ដែប្ដីមិនលើកទូរស័ព្ទ»។
«លុះម៉ោង ៨ ខលចូលហើយនៅតែគ្មានអ្នកលើក ទើបបារម្ភខ្លាំង ហើយក៏បានខលទៅសួរក្មេងៗនៅរោងចក្រ ថាបានឃើញប្ដីនាងទេ តែពួកគេបានតបថាមិនឃើញប្ដីនាងនៅរោងចក្រឡើយ។ ដោយកើតអារម្មណ៍មិនល្អ និងបារម្ភប្ដីពេក នាងក៏បានចេញឡានទាំងយប់ទៅខេត្ត Nakhon Rachasima ដើម្បីរកប្ដី។ នាងបានទៅដល់ខេត្តពេលព្រឹក ហើយក៏ឆ្ពោះទៅសណ្ឋាគារដែលប្ដីស្នាក់នៅតែម្ដង ដោយមិនគិតយូរ។ ពេលទៅដល់ឃើញឡានប្ដីហាក់រាងធូរចិត្តបន្ដិច ហើយក៏ឡើងទៅរកដល់បន្ទប់»។
«ពេលទៅដល់គោះទ្វារ ៣ នាទី ទើបប្ដីមកបើកទ្វារ ហើយពេលនោះក្ដីបារម្ភទៅជាខឹង ហើយអន់ចិត្ត និងភាំង អារម្មណ៍ច្របូកច្របល់ ព្រោះឃើញប្ដីអាក្រាតល្វែងលើ ស្លៀកតែកន្សែង ហើយថែមទាំងមានស្រីក្នុងបន្ទប់។ ខ្ញុំបានសួរប្ដីខ្ញុំថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះដាក់ខ្ញុំ? ខ្ញុំខំតាមរកអ្នកពេញមួយយប់ ខ្ញុំបារម្ភពីអ្នកព្រោះយល់សប្ដិអាក្រក់ខំឡើងមកខេត្តទាំងយប់ តែអ្នកបែរជាមកដេកឱបស្រី» ហើយសួរទៅស្រីប្ដីថា៖ «ចុះនាងមិនខ្មាសគេទេអី មកដេកឱបមនុស្សមានប្រពន្ធបែបនេះ?»។ តែប្ដីនាងរុញចេញហើយតបខ្លីៗថា៖ «មានអីចាំនិយាយគ្នានៅផ្ទះទៅ»។
ក្រោយកើតហេតុ អ្នកស្រី Sunnisa បានសម្រេចចិត្តដាក់ពាក្យប្ដឹងលែងលះ ហើយទាមទារឱ្យប្ដីផ្គត់ផ្គង់ឧបត្ថម្ភកូន និង សុំទោសចំពោះនាងពីបទផិតក្បត់មានសាហាវ។ អ្នកស្រីបានបញ្ជាក់ថា ៖ «នាង និង ស្វាមីបានរៀបការ ៤ ឆ្នាំហើយ តែវាមកបញ្ចប់ត្រឹមហ្នឹង ព្រោះជនទី ៣ នាងធ្លាប់ចាប់បានប្ដីឆាតជាមួយស្រី តែប្រាប់ថាគ្រាន់តែដៃគូការងារ ហើយក៏ចប់ទៅ តែពេលនេះគឺចាប់បាននៅលើគ្រែតែម្ដង»៕