នាវាមុជទឹកដែលបាត់ខ្លួនក្នុងមហាសមុទ្រអាត្លង់ទិច អាចសល់អុកស៊ីហ្សែនត្រឹម ៧០ ម៉ោងទៀតប៉ុណ្ណោះ
នាវាមុជទឹក ដែលបានបាត់ខ្លួនក្នុងមហាសមុទ្រអាត្លង់ទិច ខណៈចុះទៅទស្សនាបំណែកសពកប៉ាល់ទីតានិចនោះ ត្រូវបានឱ្យដឹងថា មានផ្ទុកមនុស្ស ៥ នាក់ និង អាចមានអុកស៊ីហ្សែនគ្រប់គ្រាន់ប្រើប្រាស់ ត្រឹម ៧០ ម៉ោងទៀតប៉ុណ្ណោះ។
បើតាមលោកឧត្ដមនាវីទោ John Mauger ប្រចាំ US Coast Guard បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ១៩ ខែមិថុនាកន្លងទៅថា៖ «ពួកយើង បានព្យាយាមធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីស្វែងរកនាវាដែលបានបាត់ខ្លួននេះ ដើម្បីសង្គ្រោះអ្នកដំណើរក្នុងនោះ។ បើតាមព័ត៌មានដែលទទួលបានពីខាងប្រតិបត្តិការ បានបង្ហាញឱ្យឃើញថា នាវាមុជទឹកមួយគ្រឿងនោះ មានអុកស៊ីហ្សែនសម្រាប់តម្រូវការបន្ទាន់សម្រាប់ប្រើបាន ៩៦ ម៉ោង ហើយមកទល់ពេលនេះ ពួកយើងប៉ាន់ប្រមាណថា កម្រិតអុកស៊ីហ្សែនគឺនៅសល់ប្រហែល ៧០ ម៉ោងអីទៀតប៉ុណ្ណោះ»។
គួររំឭកផងដែរថា នាវាមុជទឹករបស់ក្រុមហ៊ុន OceanGate Expeditions បានដឹកអ្នកដំណើរសរុបទាំងអស់ ៥ នាក់ ដោយក្នុងនោះរួមមានមហាសេដ្ឋីសញ្ជាតិអង់គ្លេស Hamish Harding ផងនោះ បានមុជចុះក្នុងសមុទ្រនៅវេលាម៉ោងប្រមាណ ៤ ព្រឹកថ្ងៃទី ១៨ ខែមិថុនា ប៉ុន្តែបានបាត់ការទាក់ទងគ្នាជាមួយកប៉ាល់មេ MV Polar Prince រហូតដល់ពេលនេះ៕