ចង់ផឹកស្រាពេក តែប្រពន្ធមិនឱ្យផឹក លួចកុម្ម៉ង់តាមអនឡាញ ឱ្យអ្នកលក់ដាក់បន្លំធ្វើជាស៊ុប ឃើញហើយអស់សំណើច
ពិតជាគួរឱ្យអស់សំណើចណាស់នូវរឿងរ៉ាវរបស់បុរសម្នាក់ ដែលឃ្លានផឹកស្រាពេក តែប្រពន្ធមិនឱ្យផឹក ចេះរកនឹកទៅកុម្ម៉ង់តាមអនឡាញ អង្វរអ្នកលក់ឱ្យបន្លំដាក់ធ្វើជាទឹកស៊ុប។
រឿងរ៉ាវមួយនេះ កើតឡើងនៅប្រទេសវៀតណាម ដែលព័ត៌មានបានឱ្យដឹងថា បុរសរូបនេះត្រូវបានប្រពន្ធហាមមិនឱ្យប៉ះពាល់ស្រានោះទេ តែដោយសារតែឃ្លានខ្លាំងពេក ក៏បានព្យាយាមរកនឹកវិធីលួចផឹកឱ្យទាល់តែបាន។ ក្នុងនោះបុរសរូបនេះ បានកុម្ម៉ង់អាហារតាមអនឡាញពីហាងមួយកន្លែង ហើយក៏បានរៀបរាប់រឿងរ៉ាវកម្សត់របស់ខ្លួនដែលប្រពន្ធមិនឱ្យស្រា ទៅកាន់ម្ចាស់ហាង ព្រមទាំងបានសុំឱ្យគេទិញស្រាពីក្រៅឱ្យ និង ធ្វើយ៉ាងណាប្រែរូបវាកុំឱ្យប្រពន្ធខ្លួនចាប់បានឱ្យសោះ ពេលដែលយកមកដល់ផ្ទះ។
យ៉ាងណាមិញ ឮបែបនេះហើយ ម្ចាស់ហាងក៏កើតការអាណិត រួចក៏បានបំពេញតាមបំណងបុរសរូបនោះ ដោយបានទិញស្រាមក រួចចាក់ទៅក្នុងចានជ័រ ដាក់ស្លឹកខ្ទឹម មើលទៅដូចជាស៊ុបដូច្នោះឯង ហើយបានសរសេរអក្សរលើប្រអប់ទៀតថាជាស៊ុបហ្វ្រី។ ដោយឡែក មហាជននៅតាមបណ្តាញសង្គមឃើញពិតជាអស់សំណើចខ្លាំងណាស់ មិននឹកស្មានថាម្ចាស់ហាងឆ្លាត និង ចិត្តធម៌បែបនេះឡើយ ពោលគឺអ្នកលក់ និង អ្នកទិញ គឺយល់ចិត្តគ្នាសម្បើមណាស់៕