បោសដីមុខផ្ទះសុខៗ ចោរជិះម៉ូតូមកឆក់ខ្សែ-ក ម្ចាស់ខំធ្វើសើចបន្លប់ស្រែកថាកាឡៃៗ តែចោរមិនជឿជិះវឹងទៅបាត់ស្រមោល
វីដេអូរបស់ស្រ្តីម្នាក់ដែលត្រូវចោរឆក់ខ្សែ-ក តែបែរជាចេះរកនឹកធ្វើសើចបន្លំស្រែកថាជាមាសកាឡៃ មានអីចោរប៊ិះចាញ់បោករកបោះចោលហើយ ក៏ស្រាប់តែជិះទៅវឹងវិញ ធ្វើឱ្យហួសចិត្តអស់សំណើចពេញបណ្តាញសង្គម។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសវៀតណាម បើតាមវីដេអូបានបង្ហាញឱ្យឃើញថា មានស្រ្តីម្នាក់កំពុងតែបោសផ្លូវនៅមុខផ្ទះ។ កំពុងបែរខ្នងបោសសុខៗ ស្រាប់តែចោរមួយរូបជិះម៉ូតូមកកញ្ឆក់ខ្សែ-ក រួចបន្ថែមល្បឿនរត់គេចចេញទៅ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺម្ចាស់ខ្សែ-កហាក់មិនភិតភ័យអ្វីទាល់តែសោះ មិនខ្ចីស្រែកឱ្យគេជួយ បែរជាសើចយ៉ាងឮៗលាន់ពេញផ្លូវ ព្រមទាំងចំអកស្រែកប្រាប់ទៅចោរថា នោះគឺជាមាសកាឡៃទេ។
យ៉ាងណាមិញ បើតាមម្ចាស់ខ្សែ-កបានឱ្យដឹងថា ខ្លួនខំតាំងស្មារតីស្រែកបែបនេះ ព្រោះគិតថាប្រហែលជាចោរនឹងជឿហើយបោះខ្សែកចោល ក្នុងនោះក្រោយពីស្រែកប្រាប់រួចហើយ ចោរនោះក៏បានស្ទាក់ស្ទើរពិតមែន ហៀបនឹងបោះចោលហើយ តែនឹកឃើញអីចុងក្រោយក៏មិនបានបោះវិញ រួចជិះគេចបាត់ទៅ។ ចំណែកខ្សែ-កនោះដែរ គឺមានតម្លៃស្មើប្រហែល ១០០០ ដុល្លារ ហើយភ្លាមនាងក៏បានទៅដាក់ពាក្យបណ្តឹងភ្លាមៗផងដែរ ដែលពេលនេះ ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតតាមចាប់ចោរជើងល្អ៕