(វីដេអូ) ស្រ្តីម្នាក់បានជាប់នៅក្នុងប្រឡោះផ្ទះល្វែងជម្រៅ ២០ ម៉ែត្រ ព្រោះព្យាយាមចុះទៅជួយឆ្មាជាទីស្រឡាញ់
សារព័ត៌មាន VN Express បានចុះផ្សាយថា នាពេលថ្មីៗនេះក្រុមអ្នកពន្លត់អគ្គិភ័យទីក្រុងហូជីមិញ បានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ ដែលបានជាប់គាំងក្នុងប្រឡោះរវាងផ្ទះ ២ ល្វែងជាប់គ្នាជម្រៅ ២០ ម៉ែត្រ និង ទទឹងទំហំ ៣០ សង់ទីម៉ែត្រ ក្រោយពីនាងបានព្យាយាមចុះទៅជួយសង្គ្រោះសត្វឆ្មាជាទីស្រឡាញ់របស់នាងជាប់នៅក្នុងនោះ។
យោងតាមប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ស្រ្តីម្នាក់ឈ្មោះ Nguyen Thi Thanh Hoa អាយុ ៣២ ឆ្នាំ នៅសង្កាត់ទី ១០ បានបាត់ឆ្មាអស់រយៈពេល ១ សប្តាហ៍ ហើយក៏បានឮអ្នកជិតខាងនិយាយថា សត្វឆ្មាខ្លួនបានជាប់នៅក្នុងប្រឡោះរវាងផ្ទះទាំងពីរ ដែលមានទទឹងត្រឹមតែ ៣០ សង់ទីម៉ែត្រ និង ជម្រៅ ២០ ម៉ែត្រ ក៏សម្រេចចិត្តរកមើលវា។ ដំបូងឡើងនាងបានបញ្ចាំងពិលរកមើលវាពីខាងលើដំបូល ហើយក៏បានឃើញសត្វឆ្មាពូជអង់គ្លេស ដែលមានរោមវែងៗឈរនៅលើស័ង្កសី សម្រាប់បាំងពន្លឺថ្ងៃ ឆ្លើយឆ្លងជាមួយនាង។ ដោយបារម្ភខ្លាចវាឃ្លាន ទើបនាងប្រញាប់យកវាចេញដោយការចងក្រណាត់ ដែលមានចំណីក្នុងនោះ ដោយសង្ឃឹមថាវានឹងចូលមកពេលទម្លាក់ចុះ ប៉ុន្តែមិនបានផល ទើបនាងយកខ្សែចងជាប់នឹងរនាំង ហើយចុងម្ខាងទៀតចងពាក់កណ្ដាលខ្លួន រួចរំកិលចុះ ដោយមានទាំងពាក់មួកសុវត្ថិភាពទៀត។
ជាអកុសលចុះបានពាក់កណ្ដាល ខ្សែពួរនោះក៏បានដាច់ ហើយនាងរអិលធ្លាក់ចុះ បណ្ដាលឱ្យរាងកាយឈឺចាប់ខ្លាំង ដោយក្រោយពីសង្គ្រោះបាននាងបានរៀបរាប់ថា ៖ «ប្រសិនបើខ្ញុំមិនបានពាក់មួកសុវត្ថិភាពទេ ក្បាលខ្ញុំអាចនឹងបុកជញ្ជាំង ហើយខ្ញុំអាចស្លាប់ ប៉ុន្តែដោយជាប់គាំងក្នុងចន្លោះប្រហោងតូចចង្អៀតពេក ខ្ញុំភ័យក៏បានស្រែកឱ្យគេជួយ ប៉ុន្តែគ្មាននរណាម្នាក់ឮទេ»។ លុះប៉ុន្មាននាទីក្រោយមក នាងក៏បានយកទូរស័ព្ទចេញហើយចុចលេខ ១១៤ ស្វែងរកជំនួយពីក្រុមពន្លត់អគ្គិភ័យ ដោយពន្យល់ពីស្ថានភាព និង ទីតាំងរបស់នាងទៅកាន់ប្រតិបត្តិករ។
យ៉ាងណាមិញ ក្រោយពីទទួលបានដំណឹងហើយ ក្រុមការងារក៏បានបញ្ជូនមនុស្សចំនួន ១០ នាក់ មកជួយសង្គ្រោះ Thanh Hoa ហើយក្រោយពីបានបញ្ជាក់ថា នាងនៅដឹងខ្លួននៅឡើយ អ្នកជួយសង្គ្រោះក៏បានសម្រេចចិត្តវាយបំបែកស៊ុមបង្អួចនៅជាន់ទី ៣ ក្នុងផ្ទះរួចបូមអុកស៊ីហ្សែនចូលទៅក្នុងចន្លោះនោះ ហើយក្រោយមកពួកគេបានបំពាក់ឧបករណ៍ការពារឱ្យនាង ដើម្បីកុំឱ្យមានរបួសទៀតពេលទាញឡើង។
ក្រោយពីប្រើពេលជិតកន្លះម៉ោង Thanh Hoa ក៏ត្រូវបានទាញឡើងមក ក្នុងសភាពទន់ខ្សោយ និង ត្រូវបានបញ្ជូនទៅពេទ្យក្បែរនោះជាបន្ទាន់ ដើម្បីជួយសង្គ្រោះ។ ក្រោយមកនាងបានបញ្ជាក់ថា នាងបានរួចជីវិត ដោយសារនាងបានពាក់មួកសុវត្ថិភាពមិនឱ្យមានរបួសក្បាល។ ប៉ុន្តែនៅតែត្រូវដេរអស់ ២០ ថ្នេរនៅលើជង្គង់ ចំណែកឯឆ្មារបស់នាងត្រូវបានគេរាយការណ៍ថា បានចេញមកដោយសុវត្ថិភាព៕
ប្រភព ៖ VN Express