(វីដេអូ) ម្ចាស់ចម្ការទំពាំងចេញវីដេអូថ្មីរៀបរាប់ទាំងអួលថា ខ្លួនជាជនរងគ្រោះសោះ តែបែរជាត្រូវគេជេរប្រមាថ ឥលូវកំពុងបាក់ទឹកចិត្ត
ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយ ថាកាលពីយប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលយ៉ាងជាខ្លាំង ក្រោយពីបានឃើញស្ត្រីម្នាក់បង្ហោះវីដេអូថតចាប់បានបុរសកម្សត់ម្នាក់លួចគាស់ទំពាំងយកទៅស្ល ដើម្បីក្រពះបង្កើតបានជាការវែកញែកពេញបណ្ដាញសង្គម។
ក្រោយពីផ្ទុះរឿងបែបនេះពេញបណ្ដាញសង្គមរួចហើយ ក៏មានសប្បុរសជនជាច្រើនបានប្រកាសផ្ដល់ជំនួយ និង ជួយឧបត្ថម្ភដល់ក្រុមគ្រួសារបុរសកម្សត់ ដែលលួចជីកទំពាំងគេយកមកស្លហូបជុំគ្រួសារ។ ជាមួយគ្នានេះដែរ ក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមទាំងហ្វេសប៊ុក ទាំង TikTok ម្ចាស់ចម្ការទំពាំង ដែលមានគណនីហ្វេសប៊ុកឈ្មោះ ចំការបំពេញរាជ្យ ល័ក្ខណា បានចេញវីដេអូសុំទោសចំពោះបុរសកម្សត់ដែលបានលួចទំពាំង។
យ៉ាងណាមិញ នៅល្ងាចថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅម្ចាស់ចម្ការក៏បានបង្ហោះវីដេអូថ្មីមួយទៀត ដោយលើកឡើងថា ខ្លួនទេដែលជាជនរងគ្រោះពិតប្រាកដ បែរជាត្រូវមហាជនកាត់ក្ដីស្ដីបន្ទោសសព្វគ្រប់បែបយ៉ាង។ ជាក់ស្ដែង នៅក្នុងវីដេអូនោះម្ចាស់ចម្ការ ដែលមានឈ្មោះ ជា ល័ក្ខណា បានរៀបរាប់ថា ៖ «ខ្ញុំដាំដំណាំទាំងអស់ទុកយកទៅដាំនៅចម្ការធំសៀមរាប ប៉ុន្តែពេលដែលបានផ្លែ បែរជាមានគេលួច»។
បន្ថែមពីនេះទៀត ម្ចាស់ចម្ការបានបញ្ជាក់ទៀតថា ៖ «ខ្ញុំមិនមែនជាអ្នកមានទេ។ ខ្ញុំខំជិះម៉ូតូទៅចម្ការរាល់ថ្ងៃព្រឹក ល្ងាច និង ខំធ្វើការមិនហ៊ានឈប់ តែម្នាក់ឯង ទើបខំប្រឹងធ្វើចម្ការចិញ្ចឹមជីវិត។ ខ្ញុំជាជនរងគ្រោះ បែរជាត្រូវគេជេរ គេប្រមាថគ្រប់មុខ។ ហើយកាលដែល ខ្ញុំធ្វើបែបនេះក៏ព្រោះតែគេលួចខ្ញុំច្រើនណាស់ ខ្ញុំដាំអ្វីក៏គេលួច ខ្ញុំដាំដំឡូងបាត់ដំឡូង ដាំបន្លែបាត់បន្លែ»។
ជាមួយគ្នានេះដែរ ម្ចាស់ចម្ការបានបន្ថែមទៀតថា ៖ «ខ្ញុំអ្នកខំ គេអ្នកមកបេះ គេមានកម្លាំង គេមកលួចខ្ញុំ ប៉ុន្តែសង្គមឥឡូវបែរជាបន្ទោសមកជនរងគ្រោះ»។ លើសពីនេះទៅទៀត ម្ចាស់ចម្ការបានបញ្ជាក់ទៀតថា ៖ «ឥឡូវមានរឿងបែបនេះ ខ្ញុំភ័យខ្លាចទាំងការរស់នៅចម្ការ។ ហើយគ្រប់យ៉ាងដែលខ្ញុំខំព្រោះដើម្បីក្រពះ ដោយខ្ញុំគ្មានប្ដី គ្មានកូន គេមិនជួយលើកទឹកចិត្ត បែរជានាំគ្នាស្ដីបន្ទោសបន្ថែម»។
ទន្ទឹមនឹងមានការបង្ហោះវីដេអូ រៀបរាប់បែបនេះហើយ មហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនក៏បានចូលទៅបញ្ចេញមតិដោយខ្លះលើកឡើងថា ទង្វើរបស់ម្ចាស់ចម្ការជាការត្រឹមត្រូវ ព្រោះតែការការពារផលប្រយោជន៍របស់ខ្លួន ដែលបានខំមកជាយូរ ហើយខ្លះទៀតក៏បានរិះគន់យ៉ាងខ្លាំងចំពោះម្ចាស់ចម្ការថាជាមនុស្សចិត្តចង្អៀត ឃោរឃៅ៕