ប្រធានឧតុនិយមនៃអង្គការសហប្រជាជាតិថា ពិភពលោកបរាជ័យហើយក្នុងការបញ្ឈប់ទឹកកកមិនឱ្យរលាយ
នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ សារព័ត៌មាន Sky News បានចុះផ្សាយពីសាស្ត្រាចារ្យ Petteri Taalas បានលើកឡើងថា «ពិភពលោកបានបរាជ័យក្នុងការបញ្ឈប់ផ្ទាំងទឹកកកលើពិភពលោកកុំឱ្យលាយ និង ការកើនឡើងនៃកម្រិតនៃនីវ៉ូទឹកសមុទ្រ»។
ដូចទៅនឹងការព្រមានរបស់អគ្គលេខាធិការឧតុនិយមពិភពលោកនៃអង្គការសហប្រជាជាតិ ការស្ទង់មតិអង់តាក់ទិករបស់ចក្រភពអង់គ្លេស ក៏បានចេញផ្សាយផែនទីថ្មីមួយរបស់ខ្លួនការបង្ហាញយ៉ាងច្បាស់ អំពីការថយចុះនៃទឹកកក ព្រោះតែផ្ទាំងទឹកកករលាយ។
នៅក្នុងបទសម្ភាសមួយជាមួយសារព័ត៌មាន Sky News សាស្រ្តាចារ្យ Petteri Taalas បានសង្កត់ធ្ងន់ថា ទឹកកកដែលរលាយនឹងមិនត្រលប់កើតវិញទេ ដោយលោកបានកត់សម្គាល់ថា ភពផែនដីបានបរាជ័យក្នុងការរារាំងកុំឱ្យផ្ទាំងទឹកកករលាយ និង បរាជ័យក្នុងការរារាំងកុំឱ្យកម្រិតទឹកសមុទ្រកើនឡើង ដោយលោកបាននិយាយថា ៖ «អរគុណចំពោះកំហាប់កាបូនឌីអុកស៊ីតខ្ពស់ ទើបធ្វើឱ្យពិភពលោកបរាជ័យក្នុងការពារកុំឱ្យផ្ទាំងទឹកកករលាយ និង បរាជ័យក្នុងការការពារកុំកម្ពស់ទឹកសមុទ្រឡើង»។
មិនតែប៉ុណ្ណោះ លោកបានបន្ថែមទៀតថា ៖ «យើងនឹងរស់នៅជាមួយនឹងផលវិបាក និង សីតុណ្ហភាពកាន់តែខ្ពស់» ហើយលោកក៏បានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីទឹកកកនៅតំបន់អាកទិក និង អង់តាក់ទិកដែរ។ ជាពិសេសគឺនៅតំបន់អាក់ទិក ដែលកំពុងឡើងកម្ដៅរហូតដល់ ៣ ដងលឿនជាងពិភពលោក ឬ តំបន់ផ្សេងៗ។
ទន្ទឹមនេះដែរ ការសិក្សាថ្មីមួយក៏បានណែនាំដែរថា ៖ «គិតត្រឹមឆ្នាំ ២០៣០ ពិភពលោកអាចនឹងគ្មានទឹកកកក្នុងរដូវក្តៅ» ដែលនេះជាបញ្ហា ព្រោះកម្ដៅនៅភពផែនដីបានជំរុញឱ្យមានការរលាយបន្ថែមទៀត ហើយនៅពេលទឹកកករលាយចូលទៅក្នុងមហាសមុទ្រ កម្រិតទឹកសមុទ្រកើនឡើង ដែលនេះធ្វើឱ្យមានការហូរច្រោះឆ្នេរកាន់តែអាក្រក់ និង ធ្វើឱ្យមានការកើនឡើងនៃខ្យល់ព្យុះ។
គួរដឹងដែរថា ការបាត់បង់ទឹកកកមានន័យថាជា ការបាត់បង់ទីជម្រកដ៏មានតម្លៃសម្រាប់សត្វព្រៃ និង ការរំខានដល់ប្រព័ន្ធអេកូឡូស៊ី ចរន្តទឹកសមុទ្រ និង អាកាសធាតុ។ ការរលាយនៃ Permafrost ជារឿងមួយ ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រអាកាសធាតុមានការព្រួយបារម្ភបំផុត ដោយសារតែ Permafrost បានគ្របដណ្តប់ចំនួន ២៥ ភាគរយនៃផ្ទៃផែនដី នៅអឌ្ឍគោលខាងជើង៕
ប្រភព ៖ Sky News