ពិតជារំភើប! សំឡេងចាប៉ីដងវែង បន្លឺឡើងយ៉ាងពីរោះរណ្ដំ អមនឹងផ្ទាំងទស្សនីយភាពស្ដែងពីវប្បធម៌ខ្មែរដ៏ព្រឺសម្បុរ
ដើម្បីជាការអបអរសាទរដល់ថ្ងៃពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣នេះ បានបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈចម្រុះជាច្រើននៅលើ LED ដ៏ធំ ចំកណ្តាលទីលានក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងនោះដែរ ក៏បានឃើញនូវការបង្ហាញទង់ជាតិរបស់បណ្តាប្រទេសទាំង ១១ ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព ផ្សព្វផ្សាយលុបបំបាត់ការរើសអើងជនពិការ ក្រុមអត្តពលិកមានពិការភាពប្រទេសអាស៊ាន» ក្នុងការបន្តពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព ការបង្រួបបង្រួមគ្នារវាងប្រជាជាតិតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺរួមគ្នាជំរុញលើកកម្ពស់ និង ការលុបបំបាត់ការរើសអើងជនមានពិការភាព។
យ៉ាងណាមិញ ក្នុងរាត្រីថ្ងៃបិទពិធីកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នេះដែរ ពិតជាអស្ចារ្យដូចទៅនឹងការបើក និង បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ កាលពីពេលកន្លងមកដែរ ដោយនៅចុងកម្មវិធី មានការបង្ហាញជូនទស្សនានូវផ្ទាំងទស្សនីយភាពដ៏ល្អឯក ស្ដែងពីសម្បត្តិវប្បធម៌ខ្មែរដ៏ល្អផូរផង់ ជាមួយសំឡេងចាប៉ីដងវែងដ៏សែនពីរោះរណ្ដំ៕