សម្ដេច ហ៊ុន សែន អំពាវនាវ និង ស្នើដល់ប្រធានសមាគមអចលនទ្រព្យសម្រួលកិច្ចសន្យាបង់រំលស់ផ្ទះតាមបុរី ចៀសវាងរឹបអូសយក
នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី មកពីរោងចក្រសហគ្រាសចំនួន ១១ នៅស្រុកកំពង់ត្រឡាច និង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយសម្ដេចបានលើកឡើងពីបញ្ហារឹបអូសផ្ទះ ដែលកំពុងផ្ទុះល្បីពេញបណ្ដាញសង្គម។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សម្ដេចក៏បានអំពាវនាវ និង ស្នើដល់ប្រធានសមាគមអចលនទ្រព្យ ឱ្យធ្វើការជាមួយសមាជិកដែលជាម្ចាស់បុរីកែសម្រួលកិច្ចសន្យាបង់រំលស់ផ្ទះតាមបុរី ដើម្បីឱ្យពលរដ្ឋអាចបន្តមានលទ្ធភាពបង់បន្តបានចៀសវាងរឹបអូស ដែលបង្កើតទៅជាការឈឺចាប់ និង ប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម។
មិនតែប៉ុណ្ណោះ សម្ដេចក៏បានណែនាំឱ្យជំនួយការសម្ដេចរៀបចំបញ្ជីជូនសម្ដេចចំពោះបុរីណាដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងការបង់រំលស់ផ្ទះនាពេលកន្លងទៅដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។
លើសពីនេះទៅទៀត សម្ដេចបានណែនាំឱ្យមានការរៀបចំឥណទានឡើងវិញ ចំពោះវិធីបង់ប្រាក់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋ ដោយត្រូវលទ្ធភាពបែបណាឱ្យប្រជាពលរដ្ឋអាចបន្តបង់ប្រាក់បាន៕