ជប៉ុនបើកសាលាបង្រៀនឱ្យចេះញញឹម ក្រោយពលរដ្ឋពាក់ម៉ាស់យូរឆ្នាំ ភ្លេចលែងចេះញញឹម
សារព័ត៌មាន Reuters នាពេលថ្មីៗនេះបានចុះផ្សាយថា នៅឯប្រទេសជប៉ុន ក្រោយពីប្រជាជនពាក់ម៉ាស់ការពារកូវីដ-១៩ យូរឆ្នាំពេក ឥឡូវនេះមានសាលាបើកវគ្គបង្រៀនមនុស្សឱ្យចេះញញឹមពេលដោះម៉ាស់ចេញ។
ជាក់ស្ដែងនៅក្នុងថ្នាក់រៀនថ្មីមួយ របស់អ្នកស្រី Keiko Kawano មានសិស្សសាលាសិល្បៈតូក្យូ រាប់សិបនាក់ បានកាន់កញ្ចក់ហ្វឹកហាត់របៀបញញឹម ដោយឆ្លុះកញ្ចក់នោះមើលមុខរបស់ពួកគេ ហើយយកម្រាមដៃលើកមុខរបស់ពួកគេឡើង ដែលនេះជាវិធីពួកគេហាត់របៀបញញឹម។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ជាធម្មតាគ្រប់គ្នាគិតថាប្លែក មិនចាំបាច់ត្រូវរៀនទេ ប៉ុន្តែនៅជប៉ុន វាបានក្លាយជាតម្រូវការរបស់ប្រទេស ដែលមានមនុស្សចូលរៀនពីរបៀបញញឹមកាន់តែច្រើនឡើង ចាប់ពីកូវីដ-១៩ បានធ្វើឱ្យមនុស្សពាក់ម៉ាស់យូរឆ្នាំពេក។
ជាមួយគ្នានេះដែរ សិស្សម្នាក់ឈ្មោះ Himawari Yoshida អាយុ ២០ ឆ្នាំ ជាសិស្សរៀនវគ្គសិក្សានេះបានរៀបរាប់ប្រាប់ថា ៖ «ខ្ញុំរៀនរបៀបញញឹមនេះ ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារ ដោយសារខ្ញុំត្រូវធ្វើការដោយស្នាមញញឹម»។ នាងបានបន្ថែមទៀតថា ៖ «ខ្ញុំមិនបានប្រើសាច់ដុំមុខរបស់ខ្ញុំច្រើនទេក្នុងអំឡុងពេលកូវីដ-១៩ ដោយសារតែការពាក់ម៉ាស់ ហើយការរៀននេះហាក់ដូចជាការហាត់ប្រាណដ៏ល្អមួយ»។
យ៉ាងណាមិញ ក្រុមហ៊ុន Egaoiku របស់អ្នកស្រី Kawano ដែលមានន័យថា «Smile Education» បានកើនតម្រូវការរហូតដល់ជាង ៤ ដងធៀបនឹងឆ្នាំមុន ដោយមេរៀនមួយទល់នឹងមួយក្នុងរយៈពេលមួយម៉ោង មានតម្លៃដល់ទៅ ៧៧០០ យ៉េន (ប្រមាណជា ៥៥ ដុល្លារ)។ ប្រភពដដែលបានឱ្យដឹងទៀតថា ពលរដ្ឋមិនមែនទើបតែពាក់ម៉ាស់តែពេលកូវីដរាតត្បាតទេ ប៉ុន្តែពលរដ្ឋជប៉ុន បានពាក់ម៉ាស់ជាយូរមកហើយ ជាពិសេសក្នុងរដូវកាលកើតជំងឺគ្រុនក្តៅ និង ពេលចូលប្រឡង។
បើទោះជារដ្ឋាភិបាលបានដកអនុសាសន៍លើកលែងការពាក់ម៉ាស់កាលពីខែមីនា ហើយក្ដី តែមនុស្សជាច្រើននៅតែពាក់វាជារៀងរាល់ថ្ងៃ។ ជាក់ស្ដែង តាមការស្ទង់មតិរបស់ទូរទស្សន៍សាធារណៈ NHK នៅក្នុងខែឧសភាកន្លងទៅបានបង្ហាញថា ៥៥ ភាគរយនៃជនជាតិជប៉ុន នៅតែបន្តពាក់ម៉ាស់ ខណៈដែល ៨ ភាគរយទៀតបានឈប់ពាក់ម៉ាស់។ ទន្ទឹមនឹងនេះអ្នកស្រី Kawano ក៏បានបញ្ជាក់ដែរថា ៖ «យុវវ័យប្រហែលជាធ្លាប់ក្នុងការពាក់ម៉ាស់ហើយ ដោយបានកត់សម្គាល់ថា ស្រីៗមានភាពងាយស្រួលក្នុងការចេញទៅក្រៅដោយគ្មានការតុបតែងមុខ ហើយបុរសវិញអាចចេញទៅក្រៅបានទោះបីជាមិនកោរពុកមាត់»។
គួរដឹងផងដែរ សាលាបង្រៀនវគ្គរបៀបញញឹមនេះ បានអនុវត្តរបៀបញញឹមតាមកម្មវិធី Hollywood ដោយកំណត់របៀបញញឹមថា ត្រូវយកទម្រង់ភ្នែកជារាងចំណិតព្រះចន្ទ ឬពាក់កណ្ដាលព្រះចន្ទ ទម្រង់មុខមូល និង បបូរមាត់ខាងលើត្រូវញញឹមឱ្យចេញធ្មេញ ៨ គ្រាប់ ហើយកូនសិស្សទាំងអស់ត្រូវធ្វើតាមទម្រង់នេះ ដើម្បីទទួលបានការដាក់ពិន្ទុតាមស្នាមញញឹមរបស់ពួកគេ៕
ប្រភព ៖ Reuters