ឥណ្ឌូនេស៊ី ចេញគោលការណ៍ថ្មីដ៏ក្តៅគគុកចំពោះភ្ញៀវទេសចរ ក្រោយមានករណីភ្ញៀវខ្លះលួចថតរឿងកូនជ្រូក
មួយរយៈក្រោយនេះ គេសង្កេតឃើញថាឥណ្ឌូនេស៊ីបានធ្វើការរឹតបន្តឹងជាខ្លាំងលើភ្ញៀវទេសចរ ដែលចូលទស្សនាប្រទេសខ្លួន ជាពិសេសនៅតំបន់កោះបាលី ដែលជាតំបន់ទេសចរណ៍ល្បីឈ្មោះប្រចាំប្រទេស ក្រោយមានករណីដូចជាភ្ញៀវថតវីដេអូអាសអាភាស បញ្ចេញកាយវិការមិនសមរម្យ មិនគោរពកន្លែងសក្ការៈមួយចំនួន ជាដើម។
ដើម្បីលុបបំបាត់បញ្ហានេះ អាជ្ញាធរឥណ្ឌូនេស៊ី បានសម្រេចចុះហត្ថលេខាចេញគោលការណ៍ «គួរធ្វើ និង មិនគួរធ្វើ» សម្រាប់ភ្ញៀវទេសចរដែលមានបំណងចូលមកទស្សនាប្រទេសខ្លួន ហើយព្រមានថាពួកគេនឹងលុបទិដ្ឋាការទេសចរណ៍ចោលភ្លាមៗ ចំពោះភ្ញៀវទេសចរណាដែលមិនគោរពតាមគោលការណ៍នេះ។
ដោយក្នុងសារាចរ «គួរធ្វើ និង មិនគួរធ្វើ» ចំពោះភ្ញៀវទេសចរនេះ មានរឿង ១២ យ៉ាង ដែលគួរធ្វើ និង រឿង ៨ យ៉ាងដែលមិនគួរធ្វើដូចជា៖
១២ យ៉ាងគួរធ្វើ៖
១. អ្នកទេសចរត្រូវគោរពតំបន់សក្ការៈបូជា និង និមិត្តសញ្ញាសាសនា
២. អ្នកទេសចរត្រូវគោរពវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សិល្បៈរបស់អ្នកស្រុកបាលី
៣. អ្នកទេសចរត្រូវស្លៀកពាក់សមរម្យ និង ឱ្យតម្លៃពេលទៅលេងកន្លែងសក្ការៈ តំបន់ទេសចរណ៍ និង ទីសាធារណៈ
៤. អ្នកទេសចរត្រូវមានអាកប្បកិរិយាគួរសម និងគោរព ដល់អ្នកជុំវិញខ្លួនមិនថាតាមភោជនីយដ្ឋាន តាមផ្លូវ កន្លែងទេសចរណ៍ និងទីសាធារណៈ
៥. អ្នកទេសចរត្រូវមានមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានអាជ្ញាប័ណ្ណអមដំណើរ ពេលទៅទស្សនាតំបន់ទេសចរណ៍ ហើយមគ្គុទ្ទេសក៍ទេសចរណ៍នោះត្រូវតែយល់ដឹងច្បាស់ពីរបៀបរបបរស់នៅ ទំនៀមទម្លាប់ ប្រពៃណី និងការគោរពបូជា
៦. អ្នកទេសចរត្រូវតែប្តូររូបិយបណ្ណបរទេស នៅតាមកន្លែងប្ដូរលុយ ធនាគារ នៅពេលមកដល់ឥណ្ឌូនេស៊ី
៧. អ្នកទេសចរអាចធ្វើការទូទាត់ដោយប្រើលេខកូដ QR តាមស្ដង់ដារឥណ្ឌូនេស៊ី (QRIS) ករណីមានធនាគារដៃគូសហការ
៨. អ្នកទេសចរត្រូវតែបង់ប្រាក់សម្រាប់ការទិញទំនិញ សេវាកម្ម និងប្រត្តិបត្តិការហិរញ្ញវត្ថុផ្សេងៗ ជាប្រាក់រូពៀរ
៩. អ្នកទេសចរអាចបើកបរតាមដងផ្លូវបាន ដោយគោរពច្បាប់ និងបទប្បញ្ញតិជាធរមានរបស់ឥណ្ឌូនេស៊ី ដោយបូករួមទាំងការមានប័ណ្ណបើកបរអន្តរជាតិដែលមានសុពលភាព ការបើកបរប្រកបដោយសណ្តាប់ធ្នាប់ ស្លៀកពាក់សមរម្យ មានសុជីវធម៌ ពាក់មួកសុវត្ថិភាព គោរពផ្លាកសញ្ញាចរាចរណ៍ មិនផ្ទុកអ្នកដំណើរលើសចំណុះ និងមិនត្រូវប្រើប្រាស់ថ្នាំញៀន និងគ្រឿងស្រវឹង
១០. អ្នកទេសចរអាចប្រើយានជំនិះកង់បួន ឬកង់ពីរបាន លុះត្រាតែយានជំនិះនោះ បានចុះបញ្ជីនៅអង្គភាពអាជីវកម្មស្របច្បាប់ ឬតាមសមាគមជួលដែលមានអាជ្ញាប័ណ្ណ
១១. អ្នកទេសចរអាចស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ឬកន្លែងអាជីវកម្មស្នាក់នៅដែលមានការអនុញ្ញាតស្របតាមបទប្បញ្ញត្តិនៃច្បាប់
១២. អ្នកទេសចរត្រូវតែគោរពតាមបទប្បញ្ញត្តិច្បាប់ពិសេសទាំងអស់ ដែលអនុវត្តចំពោះតំបន់ទេសចរណ៍ និងសកម្មភាពទេសចរណ៍ កំណត់ដោយអាជ្ញាធរតំបន់។
៨ រឿងមិនគួរធ្វើ៖
១. អ្នកទេសចរមិនត្រូវចូលទៅកាន់ទីសក្ការៈហាមឃាត់ក្នុងប្រសាទ ឬកន្លែងស័ក្តិសិទ្ធ លើកលែងតែក្នុងគោលបំណងអធិដ្ឋាន តែត្រូវអនុញ្ញាតលុះត្រាដែលស្លៀកបំពាក់ប្រពៃណី ចំពោះស្ត្រីគឺនៅពេលដែលមិនមករដូវ
២. អ្នកទេសចរមិនត្រូវប៉ះ ឬឡើងដើមឈើស័ក្ដិសិទ្ធឡើយ
៣. អ្នកទេសចរមិនត្រូវបញ្ចេញអាកប្បកិរិយាណាមួយដែលប្រមាថដល់ទីសក្ការៈ ព្រះវិហារបរិសុទ្ធ វត្ថុសក្តិសិទ្ធ និងនិមិត្តសញ្ញាសាសនា
៤. អ្នកទេសចរមិនត្រូវបោះចោលសំរាម ឬបំពុលបឹង ទឹកហូរ ទន្លេ សមុទ្រ និងទីសាធារណៈឡើយ
៥. អ្នកទេសចរមិនត្រូវប្រើប្រាស់ផ្លាស្ទិចដែលអាចប្រើបានតែមួយដងហើយបោះចោល ដូចជាថង់ កែវចានស្នោរ បំពង់បឺតជាដើម។
៦. អ្នកទេចរមិនត្រូវចូលរួមប្រើប្រាស់ប្រាស្រ័យទាក់ទងដោយពាក្យគំរោះគំរើយ អាកប្បកិរិយាមិនសមរម្យ ធ្វើឱ្យមានសំឡេងរំខាន និងសកម្មភាពមិនសមរម្យចំពោះមន្ត្រីរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងអ្នកទេសចរដូចគ្នា មិនថាជាការនិយាយដោយផ្ទាល់ ឬដោយប្រយោល ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម
៧. អ្នកទេសចរមិនត្រូវ ធ្វើសកម្មភាពជួញដូរ ឬអាជីវកម្មដោយមិនមានឯកសារផ្លូវការចេញដោយអាជ្ញាធរស្របច្បាប់
៨. អ្នកទេសចរមិនត្រូវចូលរួមក្នុងសកម្មភាពខុសច្បាប់ដូចជាការជួញដូររុក្ខជាតិ សត្វ វត្ថុបុរាណ វត្ថុស័ក្តិសិទ្ធិ ទំនិញខុសច្បាប់រួមទាំងគ្រឿងញៀន៕
ប្រភព៖ The Balisun