(វីដេអូ) គួរឱ្យអាសូរ! បុរសដែលអស់បុណ្យដោយសារលង់ទឹកប្រឡាយស្អុយ ព្រោះតែចុះរាវរកញញួរឱ្យមិត្ត
កាលពីយប់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកហាក់មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះហេតុការណ៍ដែលបុរសម្នាក់ដែលបានចុះរាវរកញញួរមួយ ហើយក៏បានបាត់ខ្លួនក្នុងប្រឡាយទឹកស្អុយ រហូតប្រើពេលជិត ៣០ ម៉ោងទើបរកឃើញ។
យោងតាមព័ត៌មានក្នុងស្រុកមួយចំនួន និង ប្រភពជិតស្និទ្ធពីជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ណា អាយុប្រមាណជា ៥១ ឆ្នាំ ជាមនុស្សល្អ ស្លូតត្រង់ មិនដែលបង្កជម្លោះជាមួយនរណា ហើយហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ ដោយបុរសជាជនរងគ្រោះជាអ្នកវាយថ្មរកដែកទៅលក់ ដើម្បីផ្គត់ផ្គង់ជីវភាពខ្វះខាត ដោយនៅថ្ងៃកើតហេតុ បុរសរងគ្រោះបានទៅបបួលមិត្តរួមអាជីពទៅវាយថ្មយកដែកលក់ ប៉ុន្តែមិត្តរួមអាជីពបានប្រាប់ថា ៖ «ញញួររបស់ខ្លួនបានធ្លាក់ចូលលូទឹកស្អុយនោះ ២-៣ ថ្ងៃមកហើយ រកមិនទាន់ឃើញទេ» ទើបជនរងគ្រោះស្ម័គ្រចិត្តចុះទឹកប្រឡាយលូ ដើម្បីរកញញួរវាយថ្មរបស់មិត្តរួមអាជីពដែលធ្លាក់នោះ ប៉ុន្តែក្រោយពីមុជបានពីរបីដង បុរសជាជនរងគ្រោះនោះក៏បានបាត់ខ្លួន ទើបម្ចាស់ញញួរដោះខោអាវរួចលិបចូលទៅរក តែពុំឃើញទើបសម្រេចប្ដឹងសមត្ថកិច្ចបង្កជាការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ដែរថា ក្រោយពីបានធ្វើការអន្តរាគមន៍ និង ការមុជចូលប្រឡាយទឹកស្អុយ ដើម្បីរកយ៉ាងស្វិតស្វាញពីក្រុមសមត្ថកិច្ចជាពិសេសគឺកម្លាំងជំនាញ ៩១១ រហូតដល់យប់ម៉ោង ១១ និង ៨ នាទីយប់ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ កម្លាំងអន្តរាគមន៍ពិសេស ៩១១ ក៏បានរកឃើញសាកសពបុរស ដែលលង់ទឹកប្រឡាយស្អុយនៅតំបន់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយការបាត់ខ្លួននេះគឺអស់រយៈពេលជិត ៣០ ម៉ោង (២៧ ម៉ោងកន្លះ)។
តាមកម្លាំងអន្តរាគមន៍ពិសេស ៩១១ បានបញ្ជាក់ថា សាកសពត្រូវបានរកឃើញនៅជិតចម្រឹងដែកវែងពិបាកក្នុងការទាញឡើងព្រោះពេលកម្លាំងជំនាញចុះរុករកក៏មានបញ្ហាដែរ ពោលគឺមានការទាក់ជាមួយនឹងបំពង់អុកស៊ីសែន ដែលមានទម្ងន់ជិត ៣០ គីឡូក្រាម ទើបពិបាកក្នុងការទាញសពឡើងមក៕