ចែកគ្នាដឹង! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសកែសម្រួលពីការបញ្ចៀសចរាចរពិធីបើក និង បិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២
កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងស្ដីពីការកែសម្រួលសេចក្ដីជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងពិធីបើក និង បិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់មហាវិថីឈ្នះ ឈ្នះ និង សម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនទៅចូលទស្សនាការប្រកួត នៅពហុកីឡដ្នានមរតកតេជោ រដ្ឋបាលរាជធានីភ្នំពេញនឹង ៖
១. បញ្ចៀសចរាចរ និង ផ្អាកចរាចរសម្រាប់ថ្ងៃពិធីបើក និង ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមិនអនុញ្ញាតឱ្យយានជំនះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ ៦ នៅថ្ងៃទៅ ៣ និង ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣។
២. ក្រៅពីថ្ងៃពិធីបើក និង ពិធីបិទព្រឹត្តិការណ៍ខាងលើយានជំនិះគ្រប់ប្រភេទអាចធ្វើដំណើរ ឆ្លងកាត់កំណាត់មហាវិថីខាងលើដូចប្រក្រតី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និង រថយន្តកុងតឺន័រ មិនអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣៕