ក្តៅៗ ក្រុមហ៊ុន ABA ចេញសេចក្ដីជូនដំណឹង ជុំវិញករណីអតិថិជនម្នាក់ត្រូវគេបន្លំវេរលុយ ១០ ម៉ឺនដុល្លារចេញពីកុង
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាន និង កំពុងនាំគ្នាភ្ញាក់ផ្អើល ហើយផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបានដឹងករណីមួយដោយមានអ្នកលួចវេរលុយចេញពីកុងរបស់ស្ត្រីម្នាក់អស់ចំនួន ១០ ម៉ឺនដុល្លារ ក្នុងរយៈពេលមិនដល់ ៣ ម៉ោង។
ក្រោយមានរឿងនេះកើតឡើង ក្រុមហ៊ុន ABA បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានរៀបរាប់ឱ្យដឹងថា លោកអ្នកប្រហែលជាបានឃើញករណីអតិថិជន ABA មួយរូប បានរងគ្រោះពាក់ព័ន្ធនឹងបញ្ហាស៊ីមកាត។ ក្នុងនោះ ABA បានឱ្យទៀតដឹងថា ធនាគារតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពគណនីរបស់អតិថិជន។ ភ្លាមៗ បន្ទាប់ពីបានចាត់វិធានការជួយដល់អតិថិជន ABA បានធ្វើការស៊ើបអង្កេត និង បញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យារបស់ធនាគារមានសុវត្ថិភាពពេញលេញ។
ក្រុមហ៊ុន ABA បានបន្តឱ្យដឹងថែមទៀតថា ៖ «យើងខ្ញុំ ក៏បានជួបពិភាក្សាជាមួយអតិថិជន និង បានពន្យល់អំពីនីតិវិធី និង សុវត្ថិភាពបច្ចេកវិទ្យានៃប្រព័ន្ធធនាគាររបស់យើងផងដែរ។ អតិថិជន មិនបានចោទប្រកាន់ ABA លើរឿងនេះទេ ហើយបានទទួលស្គាល់ការសហការជួយយ៉ាងពេញលេញពីធនាគារយើង។ ធនាគារ ABA នឹងបន្តសហការជាមួយអតិថិជន និង អាជ្ញាធរពាក់ព័ន្ធ ដែលរួមមាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និង ភ្នាក់ងារនានា ដើម្បីស្វែងរកក្រុមពាក់ព័ន្ធក្នុងបទល្មើសព្រហ្មទណ្ឌនេះ»។
ជាថ្មីម្ដងទៀត ខាង ABA ក៏បានរំឭកដល់អតិថិជនទាំងអស់ឱ្យទាក់ទងធនាគារ ABA ជាមុនសិន ប្រសិនបើមានការសង្ស័យ ឬ បានដឹងពីករណីលួចបន្លំណាមួយ។ ABA នៅតែប្ដេជ្ញាជួយដល់អតិថិជនគ្រប់ករណីទាំងអស់៕