ផ្អើលភូមិ! កូនកំលោះអភិជនចូលស្ដីកូនក្រមុំគេ លេងពួយដឹកថ្លៃបណ្ណាការជាមាសពេជ្រ លុយសុទ្ធទាំងធុងៗមក
ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម Weibo ចិន ក្រោយមានករណីកូនកំលោះអភិជន មានទ្រព្យចូលស្ដីដណ្ដឹងកូនក្រមុំ ដោយឱ្យថ្លៃបណ្ណាការយ៉ាងហូរហៀរមិនសំចៃ មានតាំងពីដុំមាស នាឡិកា គ្រឿងពេជ្រ និង លុយសុទ្ធទាំងដុំៗ តម្រូវឱ្យមានមនុស្ស ៤-៥ នាក់ទៅសែងមក។
ហេតុការណ៍នេះ បានកើតឡើងនៅឯខេត្ត Taizhou Zhejiang ប្រទេសចិន ដោយបុរសជាកូនកំលោះមានឈ្មោះថា Yan អាយុ ៣០ ឆ្នាំ ជាកូនអ្នកមានទ្រព្យសម្បត្តិម្នាក់ ហើយក៏ជាអ្នកជំនួញល្បីឈ្មោះផងដែរ។
នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ លោក Yan បានសម្រេចចិត្តចូលស្ដីដណ្ដឹងគូស្នេហ៍ខ្លួន ក្រោយទាក់ទងគ្នាអស់មួយរយៈ។ ពិធីភ្ជាប់ពាក្យនេះ គេឃើញមានឡានខ្មៅ និង ឡានដឹកទំនិញដែលដឹកអីវ៉ាន់ពោរពេញជាធុងទឹកកកពណ៌ក្រហមច្រើនធុង ហើយនៅក្នុងធុងនោះគឺជាថ្លៃបណ្ណាការ ដែលមានតាំងពីដុំមាស នាឡិកា គ្រឿងពេជ្រ និង លុយសុទ្ធទាំងដុំៗ សរុបតម្លៃប្រមាណ ៩ ០៩៨ ០០០ យ័ន (ប្រមាណ ១ លាន ៤ សែនដុល្លារ)៕