ទីបំផុត អាជ្ញាធរអ៊ីតាលី ប្រាប់ពីមូលហេតុហើយ ដែលសុខៗទឹកប្រឡាយក្រុង Venice មានពណ៌បៃតង
កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនៅទីក្រុង Venice ប្រទេសអ៊ីតាលី មានហេតុការណ៍មួយបានកើតឡើងគឺ ទឹកប្រឡាយ Grand Canal លេចចេញពណ៌បៃតងចម្លែក ដោយមានការសង្ស័យដំបូងថា ជាស្នាដៃក្រុមសកម្មជនបរិស្ថាន ព្រោះមេដឹកនាំតំបន់ Veneto លើគណនី Twitter ថា ៖ «ថ្ងៃនេះពលរដ្ឋរស់នៅក្បែរស្ពាន Rialto បានរាយការណ៍ថា មានសារធាតុពណ៌បៃតងចម្លែកលេចឡើងពាសពេញទឹកប្រឡាយ Grand Canal ។ អ្នកដឹកនាំប្រចាំតំបន់ ក៏បានបើកការប្រជុំជាបន្ទាន់ជាមួយប៉ូលិស ដើម្បីស៊ើបអង្កេតរកប្រភពនៃសារធាតុនោះ»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងដែរថា រូបលោកបានយកសំណាកទឹកពីប្រឡាយ Grand Canal ឆែកមើលវីដេអូពីកាមេរ៉ាសុវត្ថិភាព និង សាកសួរអ្នកចែវទូកក្នុងតំបន់ ប្រសិនបើពួកគេបានប្រទះឃើញអ្វីមិនស្រួល។
យ៉ាងណាមិញ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ អាជ្ញាធរប្រចាំតំបន់បានទម្លាយមូលហេតុដែលធ្វើឱ្យប្រឡាយទឹក Grand Canal នៅទីក្រុង Venice ប្រែពណ៌បៃតង ដោយបានបញ្ជាក់ថា បញ្ហានេះមិនមែនបណ្ដាលមកពីការបាតុកម្ម ឬ ប្រឆាំងនយោបាយអ្វីឡើយ ប៉ុន្តែវាកើតឡើងដោយសារសមាសធាតុម្យ៉ាង ដែលគេប្រើសម្រាប់តេស្តប្រព័ន្ធទឹកស្អុយតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារតំបន់សម្រាប់ការបង្ការ និង ការពារបរិស្ថាននៃទីក្រុង Veneto បាននិយាយពីការប្រទះឃើញសមាសធាតុ Fluorescein ក្នុងគំរូទឹក ដោយគ្មានប្រភពច្បាស់លាស់។ ប៉ុន្តែការពិសោធន៍មិនបានរកឃើញសារធាតុពុលក្នុងសមាសធាតុ Fluorescein ទេ ដូច្នេះហេតុការណ៍នេះត្រូវបានបញ្ចប់ ដោយគ្មានមន្ទិលសង្ស័យ ឬ ករណីគ្រោះថ្នាក់ឡើយ។
គួរដឹងដែរថា កាលពីឆ្នាំ ១៩៦៨ ក៏ធ្លាប់មានករណីស្រដៀងនេះបានកើតឡើងដែរ ពេលនោះគឺ សិល្បករអាហ្សង់ទីនម្នាក់ឈ្មោះ Nicolas Garcia Uriburu បានប្រើសមាសធាតុ Fluorescein ដើម្បីប្រែពណ៌ទឹក ក្នុងគោលបំណងបង្កើនការយល់ដឹងពីបរិស្ថាន នៅប្រឡាយធំអំឡុងពិធីបុណ្យ Venice Biennale លើកទី ៣៤ ៕
ប្រភព ៖ Daily Mail