អ៊ីចឹងតើបានប៉ះព្យាយាមម្តងទៀតរហូត! ល្បិចថ្មីទិញប្រេងកូឡារូបតាប៉ិ និង ថ្នាំដុសធ្មេញផ្កាឈូកពីរមកកោសរករង្វាន់ ហើយធ្វើសម្បកក្លែងក្លាយខ្ចប់លក់វិញ
កាលពីពេលថ្មីៗនេះ កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម (គ.ប.ផ.ក) បានចុះអនុវត្តពាក្យបណ្ដឹងក្រុមហ៊ុន ឃាង ហួត អ៊ីនធើណេសិនណល ឯ.ក ដោយបានសហការជាមួយស្ថាប័នជំនាញ និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យឆែកឆេរទីតាំងមួយកន្លែង ដែលមានអាស័យដ្ឋានលេខ A១៨ ផ្លូវ ៦ បុរីពិភពថ្មីឈូកវ៉ា ២ ក្នុងភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាក់ស្ដែង ម្ចាស់ទីតាំងដែលមានឈ្មោះ សំ វ៉ាន់ឌឿន អាយុ ៤០ ឆ្នាំ ត្រូវបានរកឃើញនូវទំនិញពីរប្រភេទរបស់ក្រុមហ៊ុន ឃាង ហួត អ៊ីនធើណេសិនណល ឯ.ក ក្នុងនោះមានប្រេងកូឡារូបតាប៉ិ និង ថ្នាំដុសធ្មេញផ្កាឈូកពីរ ដែលកំពុងធ្វើសកម្មភាពយកទំនិញទាំងពីរប្រភេទមកហែកសម្បកវេចខ្ចប់ត្រឹមត្រូវចេញ ដើម្បីយករង្វាន់ ហើយយកសម្បកក្លែងក្លាយមកវេចខ្ចប់ចូលវិញ ដើម្បីបន្លំភ្នែកប្រជាពលរដ្ឋ ដែលជាអតិថិជនធ្លាប់ទិញផលិតផលទាំងពីរមុខនេះយកទៅប្រើប្រាស់។
យ៉ាងណាមិញ ទង្វើនេះគឺជាការបោកប្រាស់ប្រជាពលរដ្ឋផង និង បោកប្រាស់ក្រុមហ៊ុនស្របច្បាប់ផង ដែលផ្ទុយនឹងច្បាប់ការប្រកួតប្រជែងមិនស្មោះត្រង់លើពាណិជ្ជកម្មទំនិញ។ ក្រោយពីរកឃើញទីតាំង កម្លាំងក៏បានរក្សាទុកប្រេងកូឡារូបតាប៉ិចំនួន ៣០០ កេស និង ថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរចំនួន ៣២០ កេសនៅទីតាំង ដែលបានបិទជាបណ្ដោះអាសន្ន ហើយព្រះរាជអាជ្ញារងក៏បាននាំយកជនសង្ស័យឈ្មោះ សំ វ៉ាន់ឌឿន ទៅសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធីជាមួយស្ថាប័នតុលាការ។
ចំណែកឯទីតាំង ដែលជនសង្ស័យ បានសហការជាមួយរោងពុម្ព មួយកន្លែងនៅផ្លូវលេខ ៣៦៨ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង ដែលម្ចាស់មានឈ្មោះ ម៉ាង ម៉េងហុង អាយុ ៣៩ ឆ្នាំបានរួមផ្សំគំនិតបោះពុម្ពធ្វើសំបកវេចខ្ចប់ក្លែងក្លាយអស់រយៈពេល ១ ឆ្នាំមកហើយក៏ត្រូវបានកម្លាំង គ.ប.ផ.ក ចុះត្រួតពិនិត្យ និង ឆែកឆេររកឃើញក្រដាសបោះពុម្ពសំបកវេចខ្ចប់ក្លែងក្លាយថ្នាំដុសធ្មេញផ្កាឈូកពីរចំនួន ២៥០០ សន្លឹកស្មើនឹង ១ ម៉ឺនប្រអប់។ បច្ចុប្បន្នទីតាំងបោះពុម្ពនោះក៏ត្រូវបានបិទជាបណ្ដោះអាសន្ន ខណៈដែលម្ចាស់ទីតាំងត្រូវបានអញ្ជើញទៅសាកសួរ ដើម្បីបន្តនីតិវិធី៕
ប្រភព ៖ Fresh News