ចែកគ្នាដឹង! ចាប់ពីថ្ងៃទី ១ ខែមិថុនា អគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ
នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសជូនដំណឹងស្ដីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២៣។
យោងតាមសេចក្ដីជូនដំណឹងស្ដីពីការប្រមូលពន្ធ សម្រាប់ឆ្នាំ ២០២៣ របស់អគ្គនាយដ្ឋានពន្ធដារបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ តទៅ ចំពោះយានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យាន្តយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ២ សន្លឹកតាមទម្រង់ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន ៖ ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណផ្ទាល់របស់កម្មសិទ្ធិករ និង វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចំពោះរថយន្តដឹកទំនិញ និង រថយន្តដឹកអ្នកដំណើរ។
ដោយឡែក ចំពោះយានយន្ត ដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ប៉ុន្តែពុំមានប័ណ្ណសម្គាល់ការបង់ពន្ធ (កាត) ត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទនោះទេ គឺគ្រាន់តែបង្ហាញ ឬភ្ជាប់នូវឯកសារ ដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា ប័ណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទ ឬ លតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្រ្តីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូផ្ទៀងផ្ទាត់ទិន្នន័យ ក្នុងប្រព័ន្ធគ្រប់គ្រង់ពន្ធមធ្យោបាយរបស់អគ្គនាយកពន្ធដារ។
ចំណែកឯយានយន្ត ដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ។ រីឯយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាព ដែលត្រូវទទួលបានលតាបត្រតាមប្រព័ន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និង ថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
យ៉ាងណាមិញ សម្រាប់យានយន្តឯកជនក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២៣ ទេ ប៉ុន្តែម្ចាស់យានយន្តទាំងនោះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២៣ បានលុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និង អាករនាំចូលស្របតាមច្បាប់ និង បទប្បញ្ញត្តិស្ដីពីគយ និង ចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និង ដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។
គួរបញ្ជាក់ដែរថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើម្ចាស់យានយន្ត ត្រូវទទួលរងនូវពិន័យតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ដែរថា ម្ចាស់យានយន្តអាចធ្វើការបង់ពន្ធនៅអគ្គនាយកដ្ឋានជាដៃគូ ឬអាចបង់តាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ឬ Play Store សម្រាប់យានយន្តធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និង យានជំនិះគ្រប់ប្រភេទកន្លងមក៕