សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅរាជធានីភ្នំពេញ ត្រូវការស្ពានឆ្លងកាត់ទន្លេចំនួន ៣ បន្ថែមទៀត
នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ នេះ ស្របពេលក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និង ស្ពានអាកាសឫស្សីកែវ ក្នុងរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «រាជធានីភ្នំពេញ ត្រូវការស្ពានឆ្លងកាត់ទន្លេចំនួន ៣ បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ»។
ជាមួយគ្នានេះដែរ នៅក្នុងពិធីនេះ សម្ដេចបានថ្លែងថា ស្ពានឆ្លងទន្លេទាំងនោះរួមមាន ៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានឆ្លងទន្លេបាសាក់នៅតំបន់ចាក់អង្រែ និង ស្ពានសម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ហើយសម្ដេចបានបន្ថែមទៀតថា ៖ «សុំបញ្ជាក់ជូនបន្តិចថា យើងឥឡូវនេះសម្រាប់តំបន់របស់យើង ទីក្រុងភ្នំពេញនេះត្រូវការស្ពាន ៣ បន្ថែមទៀត ដោយស្ពាន ២ អាចចេញជារូបរាងក្នុងពេលឆាប់ៗ មួយគឺ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និង មួយទៀតគឺ ស្ពានសម្រាប់ផ្លូវល្បឿនលឿននៅផ្នែកខាងក្រោម ដែលយើងត្រូវចំណាយ»។
មិនតែប៉ុណ្ណោះ សម្ដេចបានបញ្ជាក់ទៀតថា ៖ «ផ្លូវល្បឿនលឿនទុកឱ្យគេវិនិយោគ តែយើងត្រូវចំណាយធ្វើស្ពាន ខ្ញុំមិនចង់ឱ្យពលរដ្ឋពេលឆ្លងស្ពាន ពេលណាក៏ត្រូវបង់លុយទេ ដូច្នេះហើយបានជាកន្លងទៅយើងបានទិញស្ពានព្រែកព្នៅត្រឡប់មកវិញ ប្រជាជនចង់ឆ្លងប៉ុន្មានជើងក៏ឆ្លងទៅ»។
ដោយឡែក តម្រូវការស្ពានទី ៣ សម្ដេចបានលើកឡើងថា ៖ «ស្ពានម្ដុំចាក់អង្រែឆ្លងទៅព្រែកប្រា ពេលនេះឯកឧត្ដម ឃួង ស្រេង កំពុងចង់យកស្ពានដែកនៅឬស្សីកែវនេះ យកទៅដាក់នៅតំបន់ព្រែកប្រា»។ ហើយសម្ដេចក៏បានថ្លែងអំពីគម្រោងការអភិវឌ្ឍផ្សេងៗ ជាច្រើនទៀត ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងឱកាស ដែលកម្ពុជា មានសុខសន្តិភាព៕
រូបភាពដោយ ៖ ក្រសួងព័ត៌មាន