ក្រុងសៀងហៃ កត់ត្រាអាកាសធាតុក្ដៅបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១០០ ឆ្នាំមកនេះ
សារព័ត៌មាន CNN កាលពីពេលថ្មីៗនេះបានចុះផ្សាយថា ទីក្រុងសៀងហៃ ប្រទេសចិន ក្នុងខែឧសភានេះ បានកើនសីតុណ្ហភាពរហូតដល់ ៣៦.១ អង្សាសេ ដែលនេះជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ១០០ ឆ្នាំមកនេះ ។
កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា កំណត់ត្រាក្នុងក្រុងពីមុនមកគឺ ៣៥.៧ អង្សាសេ ត្រូវបានកត់ត្រាជាលើកដំបូងកាលពីខែឧសភា ឆ្នាំ ១៨៧៦ និង ៣ ដងផ្សេងទៀតក្នុងឆ្នាំ ១៩០៣ ឆ្នាំ ១៩១៥ និង ឆ្នាំ ២០១៨។ ជាមួយគ្នានេះដែរ រលកកម្ដៅបានបំបែកកំណត់ត្រាកាលពីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ រហូតនាយកដ្ឋានឧតុនិយមក្រុងសៀងហៃ ចេញការប្រកាសអាសន្នអំពីសីតុណ្ហភាពខ្ពស់ជាលើកដំបូងក្នុងឆ្នាំនេះ ដោយសីតុណ្ហភាពនៅក្នុងទីក្រុង បានកើនឡើងលើសពី ៣៥ អង្សាសេ រយៈពេល ៣ ថ្ងៃជាប់ៗគ្នា។
បើតាមលោក Wang Hua ប្រធាននាយកដ្ឋានព្យាករណ៍ និង ឃ្លាំមើលសមុទ្រនៅក្រសួងធនធានធម្មជាតិរបស់ប្រទេសចិន កាលពីខែមុនបាននិយាយថា សីតុណ្ហភាពនៃទឹកសមុទ្ររបស់ប្រទេសចិន ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដោយសារតែការឡើងកម្ដៅផែនដី។
គួរដឹងដែរថា កម្រិតប្រកាសអាសន្នសីតុណ្ហភាពបច្ចុប្បន្នរបស់ទីក្រុងសៀងហៃ មានពណ៌លឿង ដែលជាកម្រិតទាបបំផុតក្នុងចំណោមកម្រិតទាំងបី ហើយការព្រមានពណ៌ទឹកក្រូចបានចូលជាធរមាន ប្រសិនបើសីតុណ្ហភាពអតិបរិមា នឹងកើនឡើងលើសពី ៣៧ អង្សាសេក្នុងរយៈពេល ២៤ ម៉ោង ស្របពេលដែលពណ៌ក្រហមមានន័យថា សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងឡើងដល់លើសពី ៤០ អង្សាសេក្នុងរយៈពេល ២៤ ម៉ោង។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមកនេះ ការកើនឡើងកម្រិតទឹកសមុទ្រ នៅតាមឈូងសមុទ្រចិន បានបណ្តាលឱ្យមានផលប៉ះពាល់រយៈពេលវែង រួមទាំងការសឹករេចរឹលប្រព័ន្ធអេកូឡូស៊ីនៅសមុទ្រ និង ការបាត់បង់វាលភក់ ឬ ដីសើមរបស់សមុទ្រ ដោយលោក Wang បាននិយាយថា វាក៏បានប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកក្រោមដី និង បង្កើនការខូចខាតដែលបណ្តាលមកពីព្យុះ និង ទឹកជំនន់៕
ប្រភព ៖ CNN